(ម៉ូស្គូ)៖ ដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារកម្ទេចឃ្លាំងស្តុកទំនិញចំនួនពីរទីតាំងបន្ថែមទៀតរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញរុស្ស៊ី Wildberries កាលពីយប់មិញ ដែលបង្កឱ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ចាប់តាំងពីពាក់កណ្តាលខែកក្កដាមក អ៊ុយក្រែនបានវាយប្រហារជាង ១០លើក ទៅលើទីតាំងនានារបស់ក្រុមហ៊ុន Wildberries ក្នុងគោលបំណងរំខានដល់ប្រតិបត្តិការរបស់ក្រុមហ៊ុននេះ ដែលជាសរសៃឈាមដ៏សំខាន់នៃសេដ្ឋកិច្ចរុស្ស៊ី និងត្រូវបានគេប្រៀបប្រដូចទៅនឹងក្រុមហ៊ុន Amazon។ អាជ្ញាធរតំបន់ ផេនហ្សា (Penza) បានឱ្យដឹងថា មនុស្សម្នាក់រងរបួស និង ២០០នាក់ ត្រូវជម្លៀសចេញពីឃ្លាំងនៅទីនោះ ខណៈក្រុមហ៊ុនក៏បានបញ្ជាក់ពីការឆាបឆេះឃ្លាំងមួយកន្លែងទៀតនៅតំបន់ អ៊ុដមូរធៀ (Udmurtia) ផងដែរ ប៉ុន្តែគ្មានអ្នកគ្រោះថ្នាក់ឡើយ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក៏បានរាយការណ៍ពីការវាយប្រហារលើទីតាំងទី៣ នៅតំបន់ Perm ផងដែរ ទោះបីជាក្រុមហ៊ុនអះអាងថាមជ្ឈមណ្ឌលខ្លួននៅទីនោះដំណើរការធម្មតាក្តី។ គួររំលឹកថា អ៊ុយក្រែនបានចាត់ទុកការវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ីនេះ ថាជា «ទណ្ឌកម្មរយៈចម្ងាយឆ្ងាយ» ក្នុងគោលបំណងធ្វើឱ្យសមត្ថភាពសេដ្ឋកិច្ច និងយោធារបស់រុស្ស៊ីចុះខ្សោយ ដើម្បីបង្ខំឱ្យទីក្រុងមូស្គូ យល់ព្រមបញ្ចប់សង្គ្រាមដែលបានអូសបន្លាយជាង ៤ឆ្នាំកន្លះមកនេះ៕



