Serey is utilizing Blockchain technology

រញ្ជួយដីកម្រិត៧.៤រ៉ិចទ័រ វាយប្រហារក្បែរប្រទេសជប៉ុន នាំឱ្យមានការព្រមានអំពីរលកស៊ូណាមិ

(តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុន JMA នាថ្ងៃចន្ទនេះ បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៧.៤រ៉ិចទ័រ បានវាយប្រហារចំក្បែរ​ភាគខាងជើងប្រទេសជប៉ុន ជាហេតុនាំឱ្យមានការព្រមានអំពីរលកស៊ូណាមិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

គ្រោះរញ្ជួយដីខាងលើ បានកើតឡើងនៅក្រោមផ្ទៃសមុទ្រប៉ាស៉ីហ្វិក ក្បែរខេត្ត Iwate ភាគខាងជើងប្រទេសជប៉ុន ដោយកម្លាំងរំញ័រ​របស់វា គឺខ្លាំងគ្រប់គ្រាន់អាចធ្វើឱ្យញ័ររញ្ជួយអគារធំៗ នៅឆ្ងាយៗរហូតដល់ទីក្រុងតូក្យូ ដែលស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រ។ JMA បានណែនាំឱ្យអ្នករស់នៅតាមតំបន់ជាប់ឆ្នេរ ជម្លៀសខ្លួនជាបណ្តោះអាសន្ន ទៅកាន់ទីសុវត្ថិភាព ដូចជាកន្លែងខ្ពស់ៗ ខណៈរលកស៊ូណាមិអាចមានកម្ពស់ដល់៣ម៉ែត្រ។

គួរបញ្ជាក់ថា ជប៉ុនគឺជាប្រទេសដែលទទួលរងគ្រោះរញ្ជួយដីញឹកញាប់បំផុតមួយនៅលើពិភពលោក។ ប្រទេសដែនកោះ ដែលមាន​ប្រជាជនសរុបប្រមាណ១២៥លាននាក់មួយនេះ ជាទូទៅទទួលរងការញ័ររញ្ជួយសរុបប្រហែល១៥០០លើក ជារៀងរាល់ឆ្នាំ ឬស្មើនឹង​១៨ភាគរយ នៃហេតុការណ៍រញ្ជួយផែនដីសរុបរបស់ពិភពលោក។ ភាគច្រើននៃរញ្ជួយដីទាំងនោះ គឺមានកម្រិតបង្គួរនិងស្រាល ប៉ុន្តែការខូចខាតដែលពួកវាបង្កឡើង គឺអាស្រ័យទៅលើទីតាំងនិងជម្រៅ។ កាលពីឆ្នាំ២០១១ រញ្ជួយដីកម្រិតធ្ងន់រហូតដល់៩.០រ៉ិចទ័រ បានបង្កជា​រលកស៊ូណាមិ ដែលធ្វើឱ្យមនុស្សសរុប១៨ ៥០០នាក់ស្លាប់ឬបាត់ខ្លួន ហើយបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរចំពោះ រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima៕

0.000 SRY$0.00
Khmer Dispatch

Comments