(កៃរ៉ូ)៖ នាថ្ងៃចន្ទ ទី៦ ខែមេសា ទីភ្នាក់ងារព័ត៌មានផ្លូវការអ៉ីរ៉ង់ IRNA បានរាយការណ៍ថា ទីក្រុងតេហេរ៉ង់បានបញ្ជូនចម្លើយតបទៅកាន់សំណើរបស់សហរដ្ឋអាមេរិក តាមរយៈប្រទេសប៉ាគីស្ថាន ដោយអ៉ីរ៉ង់បានបដិសេធចំពោះការប្រកាស «បទឈប់បាញ់បណ្តោះអាសន្ន» ហើយបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការបញ្ចប់សង្គ្រាមជាស្ថាពរតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
យោងតាម IRNA ចម្លើយតបរបស់អ៉ីរ៉ង់មានចំនួន ១០ចំណុចសំខាន់ៗ រួមមាន៖ ការបញ្ចប់ជម្លោះទាំងស្រុងនៅក្នុងតំបន់, ការដាក់ចេញនូវពិធីសារសម្រាប់ធានាសុវត្ថិភាពនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ ហ័រមូស (Hormuz), ការដកទណ្ឌកម្មសេដ្ឋកិច្ច និងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត។
គួរបញ្ជាក់ថា ការឆ្លើយតបនេះបានធ្វើឡើងចំពេលដែលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតយ៉ាងសកម្ម ដើម្បីស្វែងរកផ្លូវចេញពីវិបត្តិនេះ។ ទោះបីជាអាមេរិក និងសម្ព័ន្ធមិត្តកំពុងដាក់សម្ពាធយ៉ាងខ្លាំងក្តី ក៏អ៉ីរ៉ង់នៅតែបន្តជំហររឹងមាំក្នុងការទាមទារឱ្យមានការធានាផ្នែកសន្តិសុខ និងសេដ្ឋកិច្ចពេញលេញ ដើម្បីឆ្លើយតបនឹងប្រតិបត្តិការយោធាដែលអូសបន្លាយចូលដល់សប្តាហ៍ទី៦ ដែលកំពុងបង្កហានិភ័យដល់សន្តិសុខ និងទីផ្សារថាមពលសកល៕



Comments