(អ៉ឺស្លាម៉ាបាដ)៖ គណៈប្រតិភូជាន់ខ្ពស់អ៉ីរ៉ង់ ដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក សេយីដ អាប់បាស អារ៉ាក់ជី (Seyed Abbas Araghchi) ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅដល់ប្រទេសប៉ាគីស្ថាន នៅយប់ថ្ងៃសុក្រនេះ ដើម្បីត្រៀមចូលរួមកិច្ចចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។
យោងតាមប្រភពពីរដ្ឋាភិបាលប៉ាគីស្ថាន កិច្ចចរចាសន្តិភាពជុំទីពីររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ត្រូវបានគេរំពឹងថានឹងចាប់ផ្ដើមឡើង បន្ទាប់ពីមានកិច្ចពិភាក្សាសំខាន់ៗជាមួយក្រុមការងារសម្របសម្រួលរបស់ភាគីប៉ាគីស្ថាន។ ការសម្រេចបញ្ជូនប្រតិភូរបស់អ៉ីរ៉ង់នៅពេលនេះ គឺជាសញ្ញាវិជ្ជមានថ្មីមួយសម្រាប់កិច្ចប្រឹងប្រែងបញ្ចប់សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ជាមួយគ្នានេះ ក្រុមការងារផ្នែកភស្តុភារ និងសន្តិសុខរបស់សហរដ្ឋអាមេរិក ក៏បាននិងកំពុងមានវត្តមាននៅក្នុងទីក្រុងអ៉ីស្លាម៉ាបាដរួចជាស្រេចហើយ ដើម្បីជួយសម្របសម្រួលដល់ដំណើរការនៃកិច្ចចរចាឱ្យប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសុវត្ថិភាពខ្ពស់បំផុតសម្រាប់ភាគីទាំងសងខាង៕





Comments