(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងថ្លឹងថ្លែងអំពីការវាយប្រហារជាថ្មីលើប្រទេសអ៉ីរ៉ង់ ស្របពេលដែលកិច្ចចរចានៅតែមិនមានភាពរីកចម្រើន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
សេចក្តីរាយការណ៍ខាងលើ ដែលចេញមកពី CBS និង Axios គឺកើតមានឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងមិនបានទៅចូលរួមពិធីមង្គលការកូនប្រុសលោក នាចុងសប្តាហ៍នេះទេ ដោយសារតែកាលៈទេសៈពាក់ព័ន្ធរដ្ឋាភិបាល ហើយនិងក្តីស្រឡាញ់របស់លោក ចំពោះសហរដ្ឋអាមេរិក។ លោក ត្រាំ បានបន្ថែមថា «វាជារឿងសំខាន់ដែលរូបខ្ញុំត្រូវស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៉ីនតោន... នៅសេតវិមាន អំឡុងពេលដ៏សំខាន់មួយនេះ។ ទោះជាបែបនេះក្តី បើតាម Axios និង CBS ការសម្រេចចិត្តចុងក្រោយស្តីពីការវាយប្រហារថ្មី មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។
ខណៈនេះ ការចរចាត្រូវបានអះអាងថា កំពុងបន្តប្រព្រឹត្តទៅ ដោយប៉ាគីស្ថាន ដែលកំពុងធ្វើជាអ្នកជួយសម្រុះសម្រួលជម្លោះរវាងអាមេរិកនិងអ៉ីរ៉ង់ បានបញ្ជូនប្រមុខយោធារបស់ខ្លួនទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីព្យាយាមជំរុញឱ្យសម្រេចបានកិច្ចព្រមព្រៀង។ ទូរទស្សន៍ CBS បាននិយាយថា អ្នកនាំពាក្យសេតវិមានម្នាក់ លោកស្រី Anna Kelly បានប្រាប់ខ្លួនថា មកទល់ពេលនេះ លោកប្រធានាធិបតី ត្រាំ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីផលវិបាក ប្រសិនបើអ៉ីរ៉ង់នៅតែមិនព្រមឈានដល់កិច្ចព្រមព្រៀង។
កាលពីថ្ងៃសុក្រ សេតវិមានក៏បានប្រកាសអំពីការប្រែប្រួល ក្នុងគម្រោងចុងសប្តាហ៍របស់លោក ត្រាំ ផងដែរ ដោយនិយាយថា លោកមិននឹងធ្វើដំណើរទៅកាន់ រីសតវាយកូនហ្គោលនៅរដ្ឋ New Jersey ដូចការគ្រោងទុកទេ ប៉ុន្តែជំនួសមកវិញ នឹងស្ថិតនៅក្នុងទីក្រុងវ៉ាស៉ីនតោន។ គេកត់សម្គាល់ឃើញថា ពេលត្រឡប់មកពីការធ្វើដំណើរមួយនៅរដ្ឋ New York ជាទីដែលលោកបានថ្លែងសុន្ទរកថាកាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ មិនបានទទួលឆ្លើយសំណួរពីក្រុមអ្នកកាសែត ដែលរួមដំណើរ ដូចរាល់ដងឡើយ។
គួរបញ្ជាក់ថា បើតាមសារព័ត៌មាន Axios លោក ត្រាំ បានខកចិត្តកាន់តែខ្លាំងឡើងៗ អំពីវឌ្ឍនភាពនៃកិច្ចចរចាជាមួយអ៉ីរ៉ង់ ជាពិសេសប៉ុន្មានថ្ងៃចុងក្រោយនេះ។ Axios បាននិយាយថា ជំហររបស់លោកអំឡុងសប្តាហ៍នេះ គឺបានផ្លាស់ប្តូរពីការគាំទ្រមធ្យោបាយការទូត ឆ្ពោះទៅរកការបញ្ជាឱ្យវាយប្រហារយោធាសាជាថ្មីវិញ។ រីឯ CBS បានរាយការណ៍ថា ក្រុមមន្រ្តីជាន់ខ្ពស់ផ្នែកយោធានិងស៉ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បាននិងកំពុងលុបចោលផែនការសម្រាកចុងសប្តាហ៍ ដើម្បីត្រៀមខ្លួនសម្រាប់លទ្ធភាពបើកការវាយប្រហារថ្មីលើអ៉ីរ៉ង់៕







Comments