ប៉ូឡូញសម្រេចដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ពីប្រធានាធិបតីអ៊ុយក្រែន

(វ៉ាសូវី)៖ ប្រធានាធិបតីប៉ូឡូញ បានសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីប៉ុន្មានឆ្នាំមុន ស្របពេលទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានភាពល្អក់កករ បន្ទាប់ពីលោក ហ្សេលេនស្គី បានប្តូរឈ្មោះអង្គភាពកងទ័ពអ៊ុយក្រែនមួយ ទៅដាក់តាមឈ្មោះក្រុមទាហាន ហៅថាកងទ័ពបះបោរអ៊ុយក្រែន ឬ Ukrainian Insurgent Army (UPA) ជាកងកម្លាំងជាតិនិយម ដែលបានសម្លាប់រង្គាលជនជាតិប៉ូឡូញ កាលពីអំឡុងសង្រ្គាមលោកលើកទី២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦។

ការសម្រេចចិត្តរបស់ប្រធានាធិបតី Karol Nawrocki មើលទៅទំនងជានឹងបង្កឡើងនូវវិបត្តិការទូតធ្ងន់ធ្ងរមួយ រវាងប្រទេសជិតខាងទាំងពីរនេះ ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការបើកសន្និសីទស្តីពីកិច្ចប្រឹងប្រែងស្ថាបនាអ៊ុយក្រែនឡើងវិញ នៅឯទីក្រុង Gdansk នៃប្រទេសប៉ូឡូញ។ លោក Nawrocki បាននិយាយថា ដោយសារតែ​ការយល់ព្រមរបស់លោក ហ្សេលេនស្គី ចំពោះការប្តូរឈ្មោះអង្គភាពមួយនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ទៅជាឈ្មោះ ក្រុមវីរបុរសនៃ UPD ឬ Heroes of the UPA លោកបានសម្រេចចិត្តដកហូតមេដាយកិត្តិយស Order of the White Eagle ពីលោកប្រធានាធិបតីអ៊ុយក្រែនវិញ។ លោក Nawrocki បានគូសបញ្ជាក់ថា ការសម្រេចចិត្តនេះ មិនមានគោលដៅប្រឆាំងប្រជាជនអ៊ុយក្រែន ឬបង្ហាញពីការផ្លាស់ប្តូរក្នុងទិសដៅយុទ្ធសាស្រ្តនៃគោលនយោបាយសន្តិសុខរបស់ប៉ូឡូញ​នោះទេ។

ទោះជាបែបនេះក្តី រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានហៅការសម្រេចចិត្តខាងលើថា ជាកំហុសយុទ្ធសាស្រ្តមួយ ហើយចោទថា ភាគីប៉ូឡូញបែរជាសម្រេចចិត្ត​បង្កើនកម្តៅនៃវិវាទនេះ ដល់កម្រិតមួយដែលមិនសមរម្យនិងមិនអាចទទួលយកបាន។ ដោយឡែក នាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk ដែលជាគូប្រជែងនយោបាយរបស់លោក Nawrocki និងដែលបានព្យាយាមស្វែងរការបន្ធូរបន្ថយជម្លោះ កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យមេដឹកនាំប្រទេសទាំងពីរ សម្រួលអារម្មណ៍រៀងៗខ្លួន។ កន្លងមក ទីក្រុងកៀវធ្លាប់បានអះអាងថា ឈ្មោះខាងលើគឺត្រូវបានជ្រើសរើសដោយ​កងទ័ពផ្ទាល់ ដែលចង់រម្លឹកកិច្ចប្រឹងប្រែងតស៊ូរបស់កងកម្លាំង UPA ប្រឆាំងនឹងទីក្រុងមូស្គូ ហើយពួកគេមិនមានចេតនាបង្កការមិនពេញចិត្តចំពោះប៉ូឡូញនោះទេ។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានផ្តល់មេដាយ Order of the White Eagle ដល់លោក ហ្សេលេនស្គី កាលពីឆ្នាំ២០២៣ ដើម្បីបង្ហាញការទទួលស្គាល់ចំពោះការចូលរួមចំណែករបស់លោក ក្នុងទំនាក់ទំនងទ្វេភាគី លទ្ធិប្រជាធិបតេយ្យ ក៏ដូចជាសន្តិភាព និងសន្តិសុខនៅទ្វីបអឺរ៉ុប។ ស្របពេលដែលទីក្រុងវ៉ាសូវី គឺជាអ្នកគាំទ្រដ៏រឹងមាំមួយនៃកិច្ចប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងកៀវ ប្រឆាំងការឈ្លានពានរបស់រុស្ស៉ី មតិសាធារណៈចំពោះអ៊ុយក្រែន កាន់តែមានភាពអវិជ្ជមានឡើងៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ដោយសារតែភាពធុញទ្រាន់នឹងបញ្ហាជនភៀសខ្លួន ជម្លោះជុំវិញរឿងនាំចេញគ្រាប់ធញ្ញជាតិ ព្រមទាំងស្លាកស្នាមនៃការសម្លាប់រង្គាលសម័យសង្រ្គាមលោកលើកទី២៕

215.519 SRY
Khmer Dispatch

Comments