ដំបូងឡើយ​វ៉ៃអ៉ីរ៉ង់ជាមួយគ្នា តើមានអ្វីកើតឡើងរវាងលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ?

(ហ្ស៊េរុយសាឡិម)៖ ការវាយប្រហារចុងក្រោយបំផុតរបស់អ៉ីស្រាអែលលើលីបង់ និងអ៉ីរ៉ង់ បានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលបានរួមដៃគ្នាធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ មានអាទិភាព និងគោលដៅផ្សេងគ្នា។ លោក ត្រាំបានព្រមាន ជាសាធារណៈកុំឱ្យអ៉ីស្រាអែលវាយប្រហារលើទីក្រុងបេរូត ក្នុងសង្រ្គាមជាមួយក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់។ តែលោក ណេតាន់យ៉ាហ៊ូមិនបានស្ដាប់តាមនោះទេ ហើយ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ អ៉ីស្រាអែលបានវាយប្រហារលើតំបន់ជាយទីក្រុងបេរូត ជាហេតុជំរុញឱ្យអ៉ីរ៉ង់សងសឹកដោយបាញ់មីស៊ីលបាលិស្ទីគ ក្នុងការវាយប្រហារ លើអ៉ីស្រាអែល ជាលើកដំបូងចាប់តាំងពីមានបទឈប់បាញ់កាលពីខែមេសាមក។ 

អ៉ីស្រាអែលបានវាយប្រហារសងសឹកលើអ៉ីរ៉ង់វិញ ស្របពេលសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយនៃកិច្ចចរចាជាមួយអ៉ីរ៉ង់ដើម្បីបញ្ចប់សង្រ្គាម។ អ៉ីរ៉ង់ និងអ៉ីស្រាអែលបានដកថយរៀងៗពីការវាយប្រហារ តែការខ្វែងគំនិតគ្នារវាងលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ មិនទាន់រលាយបាត់ទេ។ នេះក៏ដោយសារតែលោក ត្រាំ ដែលគណបក្សសាធារណរដ្ឋរបស់លោកកំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតមុនអាណត្តិនៅខែវិច្ឆិកាខាងមុខ ចង់បានបញ្ចប់សង្រ្គាមអ៉ីរ៉ង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបើកច្រកសមុទ្រ Hormuz ឡើងវិញសំដៅបញ្ចុះការឡើងថ្លៃឧស្ម័ន។ អ៉ីរ៉ង់បានទទូចថាបទឈប់បាញ់ពេញលេញមួយ ក៏ត្រូវរាប់បញ្ចូលបទឈប់បាញ់នៅលីបង់ផងដែរ។ 

លោក ណេតាន់យ៉ាហ៊ូវិញដែលកំពុងប្រឈមនឹងការបោះឆ្នោតក្នុងឆ្នាំ២០២៦ដែរនោះ កំពុងស្ថិតនៅក្រោមសម្ពាធដើម្បីបញ្ឈប់ការវាយប្រហារពីក្រុមហេសបូឡា និងបង្ហាញថា រូបលោកបានឈ្នះក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់។ លោកក៏ត្រូវការផងដែរការគ្រប់គ្រងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តមិនអាចខ្វះបាន របស់អ៉ីស្រាអែល ដោយមិនធ្វើឱ្យគេឃើញថារូបលោក ឬអ៉ីស្រាអែលធ្វើតាមការបង្គាប់បញ្ជា ឬសម្ពាធពីសហរដ្ឋអាមេរិក។

* សម្ពាធនយោបាយ
នៅពេលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ សម្ព័ន្ធមិត្តទាំង២ហាក់ឈរជាមួយគ្នាយ៉ាងរឹងមាំ និងមានគោលជំហរតែមួយ។ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថាគោលដៅរបស់អ៉ីស្រាអែល គឺវាយបំបាក់ និងកម្ទេចសមត្ថភាពយោធាអ៉ីរ៉ង់ ព្រមទាំងបំផ្លាញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ ក៏ដូចជាផ្ដួលរំលំរបបដឹកនាំតេហេរ៉ង់។ លោក ត្រាំវិញបានប្រកាសពីការស្លាប់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ក្នុងថ្ងៃទីមួយនៃការវាយប្រហារតាមផ្លូវអាកាស ហើយជំរុញឱ្យប្រជាជនអ៉ីរ៉ង់ងើបឡើងផ្ដួលរំលំរបបតេហេរ៉ង់។ ប៉ុន្តែខណៈលោក ត្រាំ ចង់បញ្ចប់សង្រ្គាមអ៉ីរ៉ង់ឱ្យបានឆាប់ដូចជាប្រតិបត្តិការយោធាអាមេរិកនៅវ៉េណេស៊ុយអេឡា លោក ណេតាន់យ៉ាហ៊ូ ចង់កម្ទាត់អ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ បើទោះជាត្រូវធ្វើសង្រ្គាមយូរអង្វែងក៏ដោយ។ 

តមកទៀត ក្នុងពេលដែលរបបដឹកនាំអ៉ីរ៉ង់សព្វថ្ងៃមិនដួលរលំ និងបានបិទខ្ទប់ច្រកសមុទ្រ Hormuz សហរដ្ឋអាមេរិក និងអ៉ីស្រាអែលត្រូវបានគេមើលឃើញថាហាក់បង្ហាញពី ការខកចិត្តដាក់គ្នាទៅវិញទៅមក ក្រោមហេតុផលរៀងៗខ្លួន។ នៅសហរដ្ឋអាមេរិក តម្លៃឧស្ម័ន និងទំនិញជាច្រើនផ្សេងទៀតបានហក់ឡើងថ្លៃដែលធ្វើឱ្យប្រជាជនអាមេរិក ក្នុងនោះរួមមានទាំងអ្នកគាំទ្រលោក ត្រាំ ចាប់ផ្ដើមចោទប្រកាន់លោក ត្រាំ ថាបានក្បត់ពាក្យសន្យាអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដោយបានធ្វើឱ្យសហរដ្ឋអាមេរិក ជាប់ផុងក្នុងជម្លោះសាជាថ្មីនៅមជ្ឈិមបូព៌ា។ លោក ត្រាំ បានទាត់ចោលការរិះគន់ តែព្រមពេលជាមួយគ្នា ការកើនឡើងការខឹងសម្បារនៅក្នុងចំណោមប្រជាជនអាមេរិក បាន និងកំពុងបង្កការគំរាមកំហែងដល់ប្រជាប្រិយភាពរបស់គណបក្សសាធារណរដ្ឋ មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិចូលមកដល់នៅខែវិច្ឆិកាខាងមុខ។ 

ចំណែក នៅអ៉ីស្រាអែល ការខឹងសម្បារក៏បានកើនឡើងដូចគ្នាដែរជុំវិញបរាជ័យរបស់លោក ណេតាន់យ៉ាហ៊ូ ក្នុងការធានាឱ្យបាននូវជ័យជម្នះយូរអង្វែរក្នុងសង្រ្គាមជាមួយ ក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ ក្រុមហាម៉ាសនៅតែបន្តគ្រប់គ្រងផ្នែកខ្លះនៃតំបន់ហ្កាហ្សា រីឯក្រុមហេសបូឡានៅតែអាចបន្តបាញ់គ្រាប់រ៉ុក្កែតលើ អ៉ីស្រាអែល ហើយរដ្ឋាភិបាលអ៉ីរ៉ង់ និងកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់នៅតែដំណើរការ បើទោះជារងការខូចខាតធ្ងន់ធ្ងរក៏ដោយ។ ក្រុមអ្នកវិភាគបាននិយាយថារដ្ឋបាលអាមេរិកគ្រប់ជំនាន់ មិនធ្លាប់បានដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើអ៉ីស្រាអែលនោះទេ មិនថាអ៉ីស្រាអែលធ្វើសកម្មភាពដែលមានពេលខ្លះដើរផ្ទុយពីផលប្រយោជន៍របស់សហរដ្ឋអាមេរិកក៏ដោយ។ ការណ៍នេះ បានធ្វើឱ្យអ៉ីស្រាអែលកាន់តែបានចិត្ត និងមិនបារម្ភច្រើនក្នុងការធ្វើសកម្មភាពយោធាឯតោភាគី។ 

លោក Hasan Alhasan ជាអ្នកជំនាញម្នាក់ស្ដីពីគោលនយោបាយមជ្ឈិមបូព៌ាមកពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (International Institute for Strategic Studies) បាននិយាយថាខណៈអ៉ីស្រាអែលមានឥទ្ធិពលលើការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ លោក ត្រាំវិញមកទល់នឹងពេលនេះ ហាក់មិនមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីគ្រប់គ្រងលើការសម្រេចចិត្តនៅលើសមរភូមិរបស់លោក ណេតាន់យ៉ាហ៊ូឡើយ។ តាមលោក Alhasan គ្រាន់តែបង្ហាញការខឹងសម្បារ តាមទូរស័ព្ទ មិនអាចកែប្រែការសម្រេចចិត្ត ឬដាក់សម្ពាធលើលោក ណេតាន់យ៉ាហ៊ូបាននោះទេ។ តាមពិតទៅ វាច្បាស់នោះទេថាតើរដ្ឋបាលលោក ត្រាំ យល់ព្រមឱ្យអ៉ីស្រាអែល វាយប្រហារលើលីបង់ ឬអ៉ីរ៉ង់ដែរឬក៏យ៉ាងណា? ប៉ុន្តែ ក្រុមអ្នកវិភាគមួយចំនួនយល់ថាបើទោះជាលោក ត្រាំចង់ក៏ដោយ ក៏លោកមិនអាចបញ្ឈប់ការវាយប្រហារលើកចុងក្រោយ បំផុតរបស់អ៉ីស្រាអែលលើអ៉ីរ៉ង់បាននោះដែរ ពីព្រោះអ៉ីស្រាអែលមិនដែលទុកឱ្យសត្រូវដែលវាយប្រហារមកលើខ្លួន រួចខ្លួនដោយងាយៗនោះទេ។ ដោយឡែកបើតាមលោក Michael Singh មកពីវិទ្យាស្ថាន Washington Institute for Near East Policy វាមិនមែនជារឿងចម្លែកនោះទេដែលទំនាក់ទំនងអាមេរិក-​អ៉ីស្រាអែល ឈានដល់ចំណុចតានតឹងបែបនេះ គ្រាន់តែអ្វីដែលខុសពីមុនៗមក គឺភាពតានតឹងនៅពេលនេះផ្ទុះឡើងជាសាធារណៈខ្លាំងជាងពេលកន្លងមកតែប៉ុណ្ណោះ។ អ្នកជំនាញរូបនេះបន្តថាលោក ត្រាំ ក៏ធ្លាប់មានជម្លោះជាសាធារណៈជាមួយមេដឹកនាំដទៃទៀត ក្នុងនោះមានទាំង មេដឹកនាំដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ។

គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅ លោក ត្រាំ បានដាក់សម្ពាធឱ្យលោក ណេតាន់យ៉ាហ៊ូ ទទួលយកបទឈប់បាញ់នៅលីបង់ បន្ទាប់ពីការវាយប្រហារដ៏បំផ្លិចបំផ្លាញរបស់ អ៉ីស្រាអែលនៅជុំវិញទីក្រុងបេរូត។ លោក ណេតាន់យ៉ាហ៊ូបានទទួលយកទាំងបង្ខំចិត្ត តែកងទ័ពអ៉ីស្រាអែលនៅតែបន្តរុលចូលជ្រៅក្នុងទឹកដីលីបង់។ រហូតដល់ខែឧសភា លោក ណេតាន់យ៉ាហ៊ូ កាន់តែមើលឃើញថារូបលោកត្រូវបានផាត់ចេញពីកិច្ចចរចាបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ ស្របពេលក្រុមមន្ត្រីការពារជាតិអាមេរិកបាននិយាយកាលពីពេលថ្មីៗនេះ ថាអ៉ីស្រាអែលបានបង្កើនការស៊ើបការណ៍សម្ងាត់លើរដ្ឋបាលលោក ត្រាំ ដើម្បីស្វែងយល់ពីគោលជំហររបស់សហរដ្ឋអាមេរិក។ 

អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី១ ខែមិថុនាកន្លងទៅ លោក ត្រាំ បានហៅលោក ណេតាន់យ៉ាហ៊ូជាមនុស្សឆ្កួត ហើយលោក ត្រាំ ក៏បានទទួលស្គាល់ដែរថាលោកពិតជា បានប្រើភាសាបែបនេះដាក់លោក ណេតានយ៉ាហ៊ូពិតមែន នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក NBC ចាក់ផ្សាយកាលពីថ្ងៃទី៧ ខែមិថុនា។ ក្នុងបទសម្ភាសន៍នោះ លោក ត្រាំ បាននិយាយថាលោកចង់ឱ្យលីបង់មានជីវិតល្អប្រសើរមួយ ហើយនៅពេលត្រូវបានសាកសួរថាតើលោក និងលោក ណេតាន់យ៉ាហ៊ូ មានគំនិតដូចគ្នាលើបញ្ហានេះទេ លោក ត្រាំបានឆ្លើយថាអ្នកទាំង២ មានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន៕

510.314 SRY
Khmer Dispatch

Comments