(វ៉ាសូវី)៖ បន្ទាប់ពីបានជួបអគ្គសេនាធិការរងនៃកងទ័ពអាមេរិក លោក Christopher Mahoney រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ បានឱ្យដឹងថា គ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងទេ ជុំវិញបញ្ហាកាត់បន្ថយចំនួនកងទ័ពអាមេរិក ដែលគ្រោងដាក់ពង្រាយមកកាន់ប៉ូឡូញ ហើយចំណាត់ការថ្មីរបស់សហរដ្ឋអាមេរិក ប្រហែលគ្រាន់តែជាការពន្យារពេលបណ្តោះអាសន្នប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦។
លោក Wladyslaw Kosiniak-Kamysz ប្រាប់អ្នកយកព័ត៌មានថា ការសម្រេចចិត្តដែលធ្វើឡើងក្នុងសហរដ្ឋអាមេរិក និងផលវិបាករបស់ពួកគេ ប្រហែលជាអាចធ្វើឱ្យផែនការដាក់ពង្រាយកងកម្លាំងអាមេរិកមកកាន់ប៉ូឡូញ ត្រូវពន្យារពេលជាបណ្តោះអាសន្ន។ អនុប្រធានាធិបតីអាមេរិក លោក JD Vance ក៏បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារសប្តាហ៍នេះដែរថា ការដាក់ពង្រាយកងទ័ពអាមេរិកទៅកាន់ប៉ូឡូញ ត្រូវពន្យារពេល ហើយវាមិនត្រឹមត្រូវទេក្នុងការនិយាយថា កងទ័ពអាមេរិកកំពុងត្រូវបានដកចេញពីអឺរ៉ុប។
គួរបញ្ជាក់ថា របាយការណ៍ដែលថាមន្ទីរបញ្ចកោណ សម្រេចចិត្តលុបចោលផែនការដាក់ពង្រាយកងទ័ពអាមេរិក ៤ ០០០នាក់ បានធ្វើឱ្យប៉ូឡូញមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រុមមន្រ្តីព្យាយាមពន្យល់ដល់ប្រជាជន ថាវាមិនមែនដូច្នោះទេ៕





Comments