(ព្រុចសែល)៖ មេដឹកនាំសហភាពអឺរ៉ុប (EU) នឹងជួបប្រជុំគ្នានៅប្រទេសស៊ីប (Cyprus) នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាលើការរៀបចំវិធានការច្បាស់លាស់សម្រាប់ «មាត្រាផ្ដល់ជំនួយទៅវិញទៅមក» ចំពេលមានមន្ទិលសង្ស័យកាន់តែខ្លាំងចំពោះការប្ដេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះអង្គការណាតូ (NATO)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចពិភាក្សានេះមានភាពបន្ទាន់ខ្លាំង បន្ទាប់ពីលោក ត្រាំ បានរិះគន់សម្ព័ន្ធមិត្តដែលមិនជួយក្នុងសង្គ្រាមនៅអ៊ីរ៉ង់ និងការគំរាមដណ្ដើមយកកោះហ្គ្រីនឡែនពីប្រទេសដាណឺម៉ាក។ ទោះបីជាសន្ធិសញ្ញាគ្រឹះរបស់ EU មានចែងពីកាតព្វកិច្ចជួយគ្នាពេលរងការវាយប្រហារ ប៉ុន្តែរហូតមកដល់ពេលនេះ វានៅមិនទាន់មានវិធានការ ឬនីតិវិធីអនុវត្តជាក់ស្ដែងច្បាស់លាស់នៅឡើយទេ។
ជាមួយគ្នានេះ ប្រទេសស៊ីបក៏កំពុងជំរុញឱ្យ EU យកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ ក្រោយមានការវាយប្រហារដោយដ្រូនលើមូលដ្ឋានទ័ពអាកាសនៅលើកោះរបស់ខ្លួនកាលពីខែមុន។ ក្នុងជំនួបនោះ ប្រមុខគោលនយោបាយការបរទេស EU លោកស្រី កាយ៉ា កាឡាស់ (Kaja Kallas) នឹងរាយការណ៍ពីជម្រើសនៃជំនួយដែលអាចផ្ដល់ឱ្យគ្នា ខណៈក្រុមអ្នកការទូតគ្រោងនឹងរៀបចំការហាត់សមផ្លូវច្បាប់ និងយុទ្ធសាស្ត្រនាពេលខាងមុខ ដើម្បីត្រៀមលក្ខណៈឆ្លើយតបនឹងវិបត្តិជាក់ស្ដែងនានា៕





Comments