(ភ្នំពេញ)៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា តាមការសិក្សាកន្លងមកបានបង្ហាញថា កម្ពុជាបានខាតបង់ក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងមួយឆ្នាំប្រហែល ៤៥០លានដុល្លារអាម៉េរិក ដែលជាការបាត់បង់មួយដ៏គួរសោកស្តាយជាទីបំផុត ជាពិសេសអាយុជីវិតមនុស្សជាច្រើននាក់បានស្លាប់ និងមួយចំនួនទៀតរងរបួសរហូតមានអ្នកខ្លះត្រូវពិការអស់មួយជីវិតដោយមិនអាចធ្វើការអ្វីកើតទាល់តែសោះ។
សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោកស្រី មឹន មាណវី មានប្រសាសន៍ថា នឹងមានបងប្អូនមិនតិចឡើយត្រូវចាក ចេញពីរាជធានីភ្នំពេញទៅកម្សាន្តសប្បាយនៅទីជិត ឬទីឆ្ងាយ ឬទៅជួបជុំក្រុមគ្រួសារសាច់ញាតិ នៅឯស្រុកកំ ណើតដោយពួកគាត់ត្រូវប្រើប្រាស់ដងផ្លូវសម្រាប់ការបើកបរនូវយានយន្តគ្រប់ប្រភេទរួមមាន រថយន្តត្រីចក្រ យានយន្ត និងទោចក្រយានយន្ត (ម៉ូតូ) ជាដើម ដែលធ្វើឱ្យចរាចរណ៍នៅពេលនោះមានភាពមមាញឹកខ្លាំងនិងអាចមាននូវគ្រោះថ្នាក់ចរាចរណ៍ក្នុងអត្រាមួយខ្ពស់ផងដែរ ដែលអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។
លោកស្រី បានបន្តថា ថ្ងៃនេះ គឺថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសហ ការជាមួយអង្គការបង្ការរបួសអាស៊ី មន្ទីរសាធារណការ និងដឹកជញ្ជូនរាជ ធានីភ្នំពេញ និងក្រុមហ៊ុនម៉ូតូហុងដា បានធ្វើយុទ្ធនាការដើម្បីផ្សព្វផ្សាយអប់រំលើក កម្ពស់សុវត្ថិភាពចរាចរណ៍នៅលើបណ្តាយផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រនៃទឹកដីខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីឱ្យអ្នកធ្វើដំណើរតាមដងផ្លូវមានការប្រុង ប្រយ័ត្នក្នុងការការពារអាយុជីវិតរបស់ពួកគាត់នៅតាមដងផ្លូវ ជាពិសេសក្នុង ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជាពេលវេលាមួយមានចរាចរណ៍ដ៏មមាញឹក។
បើតាម លោកស្រី មឹន មាណវី, គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបច្ចុប្បន្នគឺមានការកើនឡើងតិចតួច តែផ្ទុយទៅវិញយើងមានការព្រួយបារម្ភចំពោះគ្រោះថ្នាក់ដែលអាចនឹងកើតមានច្រើននៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ព្រោះជាពេលវេលាដែលប្រជា ពលរដ្ឋត្រូវធ្វើដំណើរច្រើននៅទូទាំងប្រទេស។
លោកស្រីរដ្ឋលេខាធិការបានគូសបញ្ជា ក់ថា ដោយសាររាជរដ្ឋាភិបាលគិតថាប្រជាពលរដ្ឋមានការលំបាកក្នុងអំឡុង ពេលដែលប្រទេសជាតិទទួលរងការ ឈ្លានពានពីភាគីថៃ រួមនឹងសង្គ្រាមគ្រប់ទិសទីនៃពិភពលោក ដែលធ្វើឱ្យមានការលំបាកខាងផ្នែកសេដ្ឋកិច្ច យើងបានកាត់បន្ថយការរឹតបន្តឹងនូវការផាកពិន័យ ជាហេតុធ្វើឱ្យអ្នកបើកបរមួយចំនួនមានការធ្វេសប្រហែស ដែលនាំឱ្យមានគ្រោះថ្នាក់ច្រើន ខណៈដែល រាជរដ្ឋាភិបាល អង្គការ និងក្រុមហ៊ុនឯកជនជាដៃគូបានខិតខំប្រឹងប្រែងជាខ្លាំងក្នុងការធ្វើយុទ្ធនាការផ្សព្វ ផ្សាយអប់រំនៅតាមរាជធានី ខេត្តជារៀងរាល់ថ្ងៃ។ ដូច្នេះយើងសំណូមពរដល់បងប្អូនដែលជាអ្នកប្រើប្រាស់ផ្លូវត្រូវយកចិត្តទុកដាក់ក្នុងការការពារអាយុជីវិតផ្ទាល់ ខ្លួនឱ្យបានគ្រប់ៗគ្នា ដោយអ្នកជិះម៉តូត្រូវតែពាក់មួកសុវត្ថិភាពបើកបរដោយប្រកាន់ស្ដាំជានិច្ច ហើយនៅមុនពេលបត់ មុនពេលវ៉ាជែងគឺត្រូវតែប្រុងប្រយ័ត្តដោយត្រូវប្រាកដខ្លួនឯងថាគ្មានអ្វីជាឧបសគ្គ សឹមវ៉ាជែង និងបត់នោះទើបមានសុវត្ថិភាព៕







Comments