(ប៉ារីស)៖ មិនមានអ្នកឈ្នះពិតប្រាកដនោះទេនៅក្នុងសង្រ្គាមជិត៤ខែមកនេះនៅក្នុងតំបន់មជ្ឈិមបូព៌ាដែលធ្វើឱ្យអ៉ីរ៉ង់ចុះខ្សោយក៏ពិតមែន ប៉ុន្តែតេហេរ៉ង់នៅតែអាចរារាំងមិនឱ្យសហរដ្ឋអាមេរិក និងអ៉ីស្រាអែលសម្រេចបានគោលដៅសំខាន់ៗរបស់ពួកគេ។ នេះជាការយល់ឃើញរបស់ក្រុមអ្នកជំនាញ។ កិច្ចព្រមព្រៀមរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ដែលបន្សល់ទុក បញ្ហាស្មុគស្មាញមួយចំនួនតួយ៉ាងដូចជាកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់រង់ចាំដោះស្រាយនៅពេលក្រោយ ហើយអ៉ីស្រាអែលមិនពេញចិត្ត បានត្រួសត្រាយផ្លូវឆ្ពោះទៅរកកិច្ចចរចារយៈពេល ៦០ថ្ងៃ នៅបន្ទាប់ពីអនុស្សរណយោគយល់មួយត្រូវបានចុះហត្ថលេខាក្នុងប្រទេសស្វ៉ីស នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ ខាងក្រោមនេះជាការវិភាគពីស្ថានភាពរបស់សហរដ្ឋអាមេរិក អ៉ីរ៉ង់ និងអ៉ីស្រាអែល៖
* អ៉ីរ៉ង់
អ៉ីរ៉ង់បានដកខ្លួនចេញពីសង្រ្គាមចុងក្រោយបំផុតជាមួយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ជាមួយការថយចុះសមត្ថភាពយោធា សេដ្ឋកិច្ច និងបានបាត់បង់មេដឹកនាំកំពូលៗជាច្រើននាក់ ក្នុងនោះរួមមានទាំងអតីតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ដែលត្រូវបានសម្លាប់ក្នុងថ្ងៃទី១នៅពេលសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ខណៈកូនប្រុសរបស់លោក និងជាមេដឹកនាំកំពូលថ្មី លោក Mojtaba Khamenei មិនទាន់បង្ហាញខ្លួនជាសាធារណៈនៅឡើយទេ។ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានសម្លាប់ថ្នាក់ដឹកនាំអ៉ីរ៉ង់ ជាច្រើននាក់ក៏ពិតមែន តែរបបដឹកនាំតេហេរ៉ង់មកទល់នឹងពេលនេះនៅតែបន្តក្ដាប់អំណាចជាប់ក្នុងដៃ និងអាចកាន់សន្លឹកបៀរសំខាន់ៗនៅឯតុចរចាជាមួយសហរដ្ឋអាមេរិក។
«ជាការពិតណាស់ ជាយុទ្ធសាស្ត្រ និងភូមិសាស្ត្រនយោបាយ គិតមកដល់ចំណុចនេះអ្នកឈ្នះគឺអ៉ីរ៉ង់។ ប៉ុន្តែជាវាជ័យជម្នះមួយដ៏ត្រដាបត្រដួស»។ នេះជាការយល់ឃើញរបស់លោក Ross Harrison ជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថាន Middle East Institute និងជាអ្នកនិពន្ធសៀវភៅចំណងជើងថា «Decoding Iran's Foreign Policy»។ លោកបន្តថាអ៉ីរ៉ង់ក៏ទទួលបាន ជ័យជម្នះផងដែរតាមរយៈការរារាំងមិនឱ្យសត្រូវរបស់ខ្លួនសម្រេចគោលដៅ។ ប៉ុន្តែអ៉ីរ៉ង់ត្រូវលះបង់ធ្ងន់ធ្ងរ។ នៅក្នុងការវាយប្រហារលើអ៉ីរ៉ង់ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលមានគោលដៅបើកផ្លូវ ឱ្យប្រជាជនអ៉ីរ៉ង់ងើបឡើងបះបោរផ្ដួលរំលំរបបតេហេរ៉ង់ កម្ចាត់ចោលមហិច្ឆតានុយក្លេអ៊ែរ និងកម្ទេចសមត្ថភាពមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់។ លោក Harrison យល់ថាខណៈរចនាសម្ព័ន្ធ ថ្នាក់ដឹកនាំអ៉ីរ៉ង់មានការប្រែប្រួលក៏ពិតមែន តែព្រមពេលជាមួយគ្នាអ៉ីរ៉ង់សម្រេចបានគោលដៅដ៏សំខាន់មួយ នោះគឺការការពារអាយុជីវិតនៃរបបរបស់ខ្លួន និងបង្កើតការកំញើញឡើងវិញ។
លោកស្រី Burcu Ozcelik វិញ ជាអ្នកស្រាវជ្រាវជាន់ខ្ពស់លើបញ្ហាសន្តិសុខតំបន់មជ្ឈិមបូព៌ាមកពីវិទ្យាស្ថាន RUSI បាននិយាយថាការបង្ហាញរបស់អ៉ីរ៉ង់ពីសមត្ថភាពបិទខ្ទប់ច្រកសមុទ្រ Hormuz ដើម្បីដាក់សម្ពាធលើសត្រូវរបស់ខ្លួន មានន័យថាការគំរាមកំហែងពីអ៉ីរ៉ង់លើការបិទច្រកសមុទ្រ Hormuz សាជាថ្មីនឹងមិនរលាយបាត់ទៅណាទេ បើទោះជាសង្រ្គាមត្រូវបានបញ្ចប់ ក៏ដោយ។ មិនតែប៉ុណ្ណោះ អ៉ីរ៉ង់អាចប្រើប្រាស់ភាពងាយរងគ្រោះនៃច្រកសមុទ្រ Hormuz ដើម្បីបង្កើនការទាមទារសម្បទាននៅក្នុងកិច្ចចរចាហើយដែលលទ្ធផលបែបនេះអាចនឹងក្លាយជា បរាជ័យមួយសម្រាប់វ៉ាស៊ីនតោន។ អ៉ីរ៉ង់បានយល់ព្រមថានឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ រីឯសហរដ្ឋអាមេរិកដកការបិទខ្ទប់លើកំពង់ផែរបស់អ៉ីរ៉ង់។ ប៉ុន្តែក្រសួងការបរទេសអ៉ីរ៉ង់ បាននិយាយថាអ៉ីរ៉ង់នឹងយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz នៅក្នុងលក្ខខណ្ឌមួយដែលត្រូវបានបញ្ចូលបន្ថែមនៅនាទីចុងក្រោយនៃកិច្ចចរចា។
អ៉ីរ៉ង់ក៏ត្រូវបានរំពឹងដែរថានឹងទទួលបានប្រាក់រាប់ពាន់លានដុល្លារពីទ្រព្យសម្បត្តិដែលត្រូវបានបង្កក នៅក្រោមកិច្ចព្រមព្រៀង ព្រមទាំងទទួលបានការផ្អាកការដាក់ទណ្ឌកម្មប្រេង រីឯបញ្ហាកម្មវិធីនុយក្លេអ៊ែរនឹងត្រូវចរចាដោះស្រាយបន្ទាប់។ «មានរបស់ជាច្រើនដែលអ៉ីរ៉ង់កំពុងទទួលបាន ហើយដែលរបស់ទាំងនោះ អ៉ីរ៉ង់មិនធ្លាប់មានឡើយនៅមុនសង្រ្គាមផ្ទុះឡើង។ ដូច្នេះបើមើលលើចំណុចនេះ គេអាចធ្វើការអះអាងបានថាអ៉ីរ៉ង់ជាអ្នកឈ្នះ»។ នេះជាការគូសបញ្ជាក់របស់លោក Amir Handjani នៃវិទ្យាស្ថាន Quincy Institute មានមូលដ្ឋាននៅ សហរដ្ឋអាមេរិក។ តែទោះជាយ៉ាងក៏ដោយ អ្នកវិភាគរូបនេះយល់ថានៅក្នុងសង្រ្គាមមួយ គេពិបាកបែងចែកអ្នកឈ្នះពិតប្រាកដណាស់ ហើយវាគ្រាន់តែការកំណត់ថាតើនរណាជាអ្នកខាតបង់ ច្រើនជាងតែប៉ុណ្ណោះ។
* សហរដ្ឋអាមេរិក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសាទរកិច្ចព្រមព្រៀងបឋមជាមួយអ៉ីរ៉ង់ជាជ័យជម្នះមួយដែលកើតឡើងចំថ្ងៃខួបកំណើតចូលវ័យ ៨០ឆ្នាំរបស់លោក។ លោក ត្រាំ បាននិយាយថា ទុកឱ្យប្រេងហូរកាត់ និងសន្យាថាច្រកសមុទ្រ Hormuz នឹងត្រូវបានបើកឡើងវិញទាំងស្រុងនៅថ្ងៃទី១៩ ខែមិថុនា។ ការឡើងថ្លៃប្រេងបានបង្កការខឹងសម្បារដល់ប្រជាជនអាមេរិកដែលនឹង ត្រូវចូលរួមក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ ជាការបោះឆ្នោតមួយអាចកំណត់ថាតើគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ នឹងអាចបន្តគ្រប់គ្រងសភាទាំង២របស់ សហរដ្ឋអាមេរិកឬក៏យ៉ាងណា? លោក Bernard Hourcade ជាអ្នកជំនាញម្នាក់ស្ដីពីអ៉ីរ៉ង់មកពីវិទ្យាស្ថាន CNRS research institute របស់បារាំង បាននិយាយថាកិច្ចព្រមព្រៀងចំពោះ សហរដ្ឋអាមេរិក វាមើលទៅដូចជាជ័យជម្នះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយ។ ប៉ុន្តែមិនមែនជាជ័យជម្នះខាងនយោបាយនោះទេ ហើយមិនតែប៉ុណ្ណោះទីក្រុងវ៉ាស៊ីនតោនថែមទាំងបាត់បង់ ការជឿទុកចិត្តពីពិភពលោក ដោយសារសង្រ្គាមអ៉ីរ៉ង់ទៀតផង។
សម្រាប់លោកស្រី Ozcelik គូប្រជែងរបស់សហរដ្ឋអាមេរិក ជាពិសេសរុស្ស៉ី និងចិន នឹងរៀនសូតពីសង្រ្គាមអ៉ីរ៉ង់ដែលបានបង្ហាញពួកគេពីដែនកំណត់នៃអំណាចរបស់សហរដ្ឋអាមេរិក ការធ្វើការសម្រេចចិត្តរបស់មេដឹកនាំអាមេរិក និងការគ្រប់គ្រងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត។ «មេរៀនទាំងនោះនឹងមានឥទ្ធិពលលើវិបត្តិនៅពេលអនាគត មិនមែនតែនៅក្នុងតំបន់មជ្ឈិមទេ តែគឺនៅជុំវិញពិភពលោក»។ នេះបើតាមលោកស្រី Ozcelik។ កិច្ចព្រមព្រៀងអាមេរិក និងអ៉ីរ៉ង់បានបន្សល់ទុកបញ្ហានៃអនាគតកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅក្នុងកិច្ចចរចាមានរយៈពេល ៦០ថ្ងៃ។ លោក ត្រាំដែលបានបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ បានសន្យាម្ដងហើយម្ដងទៀតថាអ៉ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។
* អ៉ីស្រាអែល
ការពន្យារពេលដោះស្រាយបញ្ហានុយក្លេអ៊ែររបស់អ៉ីរ៉ង់ គឺជាបរាជ័យដ៏ធំមួយចំពោះអ៉ីស្រាអែលដែលមើលទៅជាអ្នកខាតបង់ច្រើនជាងគេក្នុងសង្រ្គាមអ៉ីរ៉ង់។ នេះបើតាមល��ក Handjani។ លោក Handjani យល់ថាអ៉ីស្រាអែលបានបាត់បង់ភាពរីកចម្រើនក្នុងទំនាក់ទំនងជាមួយបណ្ដារដ្ឋអារ៉ាប់ ព្រមទាំងបាត់បង់ឥទ្ធិពលលើសម្ព័ន្ធមិតដ៏សំខាន់បំផុតរបស់ខ្លួនគឺសហរដ្ឋអាមេរិក។
ក្រុមអ្នកនយោបាយអ៉ីស្រាអែល ជាពិសេសក្រុមអ្នកនយោបាយស្ដាំនិយមជ្រុលបានចេញមុខថ្កោលទោសភ្លាមៗលើកិច្ចព្រមព្រៀងដោយនិយាយថាវានឹងមិនអាចធានាសន្តិសុខរបស់អ៉ីស្រាអែល នោះទេ។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលនឹងត្រូវប្រឈមមុខនឹងការបោះឆ្នោតសកលមួយ បាន និងកំពុងរងការរិះគន់ រួមទាំងសម្ពាធនៅក្នុងស្រុក ពាក់ព័ន្ធនឹងបរាជ័យមិនអាចសម្រេចបានគោលដៅសង្រ្គាម ហើយក៏រងការរិះគន់ពីលោក ត្រាំផងដែរជុំវិញការវាយប្រហារលើលីបង់។
កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ក៏រាប់បញ្ចូលផងដែរការបិទបញ្ចប់សង្រ្គាមនៅលីបង់រវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់។ ប៉ុន្តែមានបញ្ហាជាច្រើននៅលីបង់ ក្នុងនោះរួមមានទាំងការដកកងទ័ពអ៉ីស្រាអែលចេញពីទឹកដីលីបង់ និងការគាំទ្ររបស់អ៉ីរ៉ង់ចំពោះចលនាប្រដាប់អាវុធក្នុងតំបន់នៅតែមិនទាន់អាចដោះស្រាយបាន។ បញ្ហាទាំងអស់នេះត្រូវបាន លោក Harrison ព្រមានថាអាចនឹងក្លាយជាឧបសគ្គដ៏ធំមួយសម្រាប់កិច្ចចរចានាពេលខាងមុខ៕









Comments