(បរទេស)៖ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសដាក់ឱសានវាទដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta, Google និង TikTok ឱ្យចូលខ្លួនមកចរចាទូទាត់ប្រាក់ជូនស្ថាប័នព័ត៌មានក្នុងស្រុកជាដាច់ខាត ចំពោះការយកមាតិកាព័ត៌មានមកប្រើប្រាស់លើបណ្តាញរបស់ខ្លួន។ បើតាមសេចក្តីព្រាងច្បាប់ថ្មីដែលមានឈ្មោះថា «ការលើកទឹកចិត្តក្នុងការចរចាព័ត៌មាន» (News Bargaining Incentive) ក្រុមហ៊ុនណាដែលមិនព្រមចុះកិច្ចព្រមព្រៀងជាមួយស្ថាប័នព័ត៌មាន នឹងត្រូវរងការកាត់ពន្ធ ២,២៥% លើចំណូលសរុបក្នុងស្រុកភ្លាមៗ ដើម្បីយកទៅជួយជ្រោមជ្រែងវិស័យសារព័ត៌មានវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។
លោកស្រី Anika Wells រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអូស្ត្រាលី បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហរនេះថា៖ «មនុស្សកាន់តែច្រើនឡើងកំពុងទទួលព័ត៌មានដោយផ្ទាល់ពី Facebook, TikTok និង Google ហើយយើងជឿជាក់ថា វាជារឿងយុត្តិធម៌ដែលបណ្តាញឌីជីថលខ្នាតធំទាំងនេះ ត្រូវរួមចំណែកដល់ការងារសារព័ត៌មានដ៏លំបាក ដែលបានជួយឱ្យមាតិការបស់ពួកគេកាន់តែសម្បូរបែប និងជួយជំរុញចំណូលរបស់ពួកគេ»។ទោះជាយ៉ាងណា ក្រុមហ៊ុន Meta បានសម្តែងការមិនពេញចិត្ត និងបានលើកឡើងថា ការយល់ឃើញថាពួកគេយកមាតិកាព័ត៌មានពីគេគឺជាការយល់ «ខុសទាំងស្រុង» ដោយចាត់ទុកវិធានការនេះថា គ្រាន់តែជាការបង្ខំយកពន្ធលើសេវាកម្មឌីជីថលតែប៉ុណ្ណោះ។ ចំពោះការរិះគន់នេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានឆ្លើយតបទៅនឹងកង្វល់ជុំវិញប្រតិកម្មពីសហរដ្ឋអាមេរិកថា៖ «យើងជាប្រទេសដែលមានអធិបតេយ្យភាព។ ហើយរដ្ឋាភិបាលរបស់ខ្ញុំនឹងធ្វើការសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍ជាតិរបស់អូស្ត្រាលី»។
គួរជម្រាបថា វិធានការដ៏តឹងរ៉ឹងនេះ គ្រោងនឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅក្នុងឆ្នាំ ២០២៦ នេះ ដែលវាជាជំហានថ្មីមួយទៀតរបស់អូស្ត្រាលី ក្នុងបេសកកម្មការពារនិរន្តរភាពនៃវិស័យសារព័ត៌មានក្នុងស្រុក មិនឱ្យដួលរលំក្នុងសម័យកាលឌីជីថលដែលគ្រប់គ្រងដោយក្រុមហ៊ុនយក្សបរទេស៕












Comments