Serey is utilizing Blockchain technology

អ៉ីស្រាអែលវាយប្រហារសម្លាប់មនុស្ស៣១នាក់ នៅភាគខាងត្បូងលីបង់


(បេរូត)៖ ក្រសួងសុខាភិបាលនៃប្រទេសលីបង់ បានរាយការណ៍ថា កាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ ការវាយប្រហាររបស់អ៉ីស្រាអែលនៅភាគខាងត្បូងលីបង់ បានផ្តាច់ជីវិតមនុស្ស ៣១នាក់ ស្របពេលដែលអ៉ីស្រាអែលនិយាយថា យោធារបស់ខ្លួនកំពុងតែបង្កើនការវាយលុក បើទោះបីជាមានបទឈប់បាញ់ហើយក៏ដោយ ក្នុងសង្រ្គាមជាមួយក្រុមហេសបូឡា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងសុខាភិបាលលីបង់ បាននិយាយថា ក្នុងចំណោមមនុស្សដែលស្លាប់ទាំង៣១នាក់ រួមមានយ៉ាងហោច​៤នាក់ជាកុមារ និង៣នាក់ជាស្រ្តី ហើយ ៤០នាក់ផ្សេងទៀតបានរងរបួស។ ទន្ទឹមនឹងនោះ​ ក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់ បាននិយាយថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានប្រឈមមុខគ្នាជាមួយទាហានអ៉ីស្រាអែល ដែលបានចូលមកក្នុងក្រុង Zawtar al-Sharqiyah នៅភាគខាងត្បូងលីបង់ ស្របពេលយោធាអ៉ីស្រាអែល បានប្រកាសថា ខ្លួនកំពុងពង្រីកប្រតិបត្តិការជើងគោកបន្ថែម។

ប្រភពពីយោធាអ៉ីស្រាអែល បានឱ្យដឹងថា កងទ័ពអ៉ីស្រាអែល បានចាប់ផ្តើមធ្វើប្រតិបត្តិការហួសពីខ្សែបន្ទាត់លឿង ដែលអ៉ីស្រាអែល​បង្កើតឡើងដោយឯកតោភាគី នៅភាគខាងត្បូងប្រទេសលីបង់ និងដែលមានចម្ងាយប្រហែល១០គីឡូម៉ែត្រ ទន្ទ្រានចូលក្នុងទឹកដី​របស់លីបង់។ កាលពីថ្ងៃអង្គារ​ យោធាអ៉ីស្រាអែល បាននិយាយថា ខ្លួនបានទម្លាក់គ្រាប់បែកលើគោលដៅហេសបូឡាជាង ១០០គោលដៅ នៅទូទាំងលីបង់ ខណៈហេសបូឡាបានអះអាងថា ខ្លួនបានវាយប្រហារដោយប្រើដ្រូននិងរ៉ុក្កែត លើភាគខាងជើងប្រទេសអ៉ីស្រាអែល។ ក្នុងថ្ងៃដដែលនោះ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ប្រទេសរបស់លោក កំពុងតែបង្កើនប្រតិបត្តិការនៅលីបង់។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានបន្តវាយប្រហារម្តងហើយម្តងទៀតលើលីបង់ បើទោះបីជាមានបទឈប់បាញ់ ក្នុងសង្រ្គាមរបស់ខ្លួនជាមួយ​ក្រុមហេសបូឡាក៏ដោយ។ បើតាមអាជ្ញាធរលីបង់ មកទល់ពេលនេះ មនុស្សច្រើន៣១០០នាក់បានស្លាប់ ដោយសារការវាយប្រហាររបស់អ៉ីស្រាអែល គិតចាប់តាំងពីថ្ងៃទី២ ខែមីនា នៅពេលហេសបូឡា បានអូសទាញប្រទេសលីបង់ ឱ្យធ្លាក់ចូលភ្លើងជម្លោះនៅមជ្ឈិមបូព៌ា តាមរយៈការបើកការវាយប្រហារលើអ៉ីស្រាអែល ដើម្បីគាំទ្រប្រទេសអ៉ីរ៉ង់៕

Khmer Dispatch

Comments