Serey is utilizing Blockchain technology

តើយោធាមីយ៉ាន់ម៉ាកំពុងឈ្នះសង្រ្គាមស៊ីវិល ឬ?

(បែរឡាំង)៖ ចាប់តាំងពីធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យកាលពីជាង៥ឆ្នាំមុន យោធាមីយ៉ាន់ម៉ាបានបាត់បង់ការគ្រប់គ្រងទឹកដីមួយភាគធំទៅឱ្យ ក្រុមចលនាតស៊ូប្រដាប់អាវុធនៅទូទាំងប្រទេស។ រដ្ឋប្រហារដែលបានបង្កជាសង្រ្គាមស៊ីវិលមកទល់នឹងសព្វថ្ងៃ ក៏បានបង្កជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ធ្វើឱ្យរបបសឹកឯកោ នៅលើឆាកអន្តរជាតិ និងប្រឈមមុខនឹងការចោទប្រកាន់ពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមផងដែរ។ ក៏ប៉ុន្តែជាងមួយឆ្នាំកន្លះមកនេះ យោធាមីយ៉ាន់ម៉ាបានវាយដណ្ដើមយកមកវិញនូវ ទឹកដីមួយចំនួនដែលខ្លួនបានបាត់បង់ ហើយកំពុងបង្កើនការធ្វើប្រតិបត្តិការវាយលុកស្ទើរគ្រប់សមរភូមិ ដោយមានការគាំទ្រពីដ្រូនរាប់ពាន់គ្រឿង និងការកែនទ័ពថ្មីៗ។ 

ខណៈកំពុងវាយដណ្ដើមបានទឹកដីមកវិញ របបយោធាមីយ៉ាន់ម៉ាដែលឥលូវប្ដូរទៅជាពាក់អាវស៊ីវិល បានចាប់ផ្ដើមធ្វើសេចក្ដីថ្លែងការណ៍នយោបាយដ៏ប្រុងប្រយ័ត្ន ក្នុងគ្រាដែល
ការបោះឆ្នោតសកលកាលពីពេលថ្មីៗនេះ បានត្រួសត្រាយផ្លូវឱ្យរបបទីក្រុងណៃពិដោរ វិលត្រឡប់បន្តិចម្ដងៗទៅរកឆាកអន្តរជាតិ។ «ខ្ញុំមិនអាចនិយាយបាននោះទេថា យោធាមីយ៉ាន់ម៉ាកំពុងឈ្នះ»។ នេះជាការលើកឡើងរបស់លោក Steve Ross ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីស្ថាប័ន Stimson Center មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ អ្នកវិភាគរូបនេះជឿថាស្ថានការណ៍អំណោយផលកំពុងផ្អៀងទៅរកយោធាមីយ៉ាន់ម៉ា ក្នុងរយៈពេល១៨ខែមកនេះ។ 

ដោយហាមមិនឱ្យគណបក្សជាច្រើនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសកល ក្នុងនោះរួមមានគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi គណបក្ស​សហភាព​សាមគ្គីភាព​ និង​ការ​អភិវឌ្ឍ (Union Solidarity and Development Party) គាំទ្រដោយយោធាមីយ៉ាន់ម៉ាបានអះអាងពីជ័យជម្នះ ក្នុងការបោះឆ្នោតដែលបានប្រព្រឹត្តទៅជាដំណាក់កាល កាលពីខែធ្នូ ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦។ រដ្ឋសភាមីយ៉ាន់ម៉ាថ្មីបានបោះឆ្នោតជ្រើសតាំងលោក Min Aung Hlaing ដែលបានលាលែងតំណែងជាអគ្គមេបញ្ជាការយោធា ជាប្រធានាធិបតីថ្មី។ បណ្ដាប្រទេសលោកខាងលិចភាគច្រើនបានទាត់ចោលលទ្ធផលបោះឆ្នោតថាជារឿងដ៏អាម៉ាស និងបានបដិសេធទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ាដែលពួកគេនិយាយថាគ្រាន់តែជារដ្ឋាភិបាលយោធាបន្លំពាក់អាវស៊ីវិលតែប៉ុណ្ណោះ។ 

តែទោះជាបែបនេះក្ដី នៅតែមានប្រទេសមួយចំនួនបានបង្ហាញការគាំទ្ររដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ាត្រឡប់ទៅកាន់ឆាកអន្តរជាតិវិញ។ តាមលោក Steve Ross ការបោះឆ្នោត បានជួយសម្រួលឱ្យលោក Min Aung Hlaing និងរបបរបស់លោកវិលត្រឡប់សន្សឹមៗទៅរកឆាកអន្តរជាតិវិញ ហើយទទួលបានការស្វាគមន៍ពីប្រទេសមួយចំនួន។ ជាក់ស្ដែង រដ្ឋមន្ត្រីការបរទេសថៃ​ និងចិនបានបំពេញដំណើរទស្សនកិច្ចផ្លូវការរួចទៅហើយទៅកាន់មីយ៉ាន់ម៉ា ដើម្បីជួបលោក Min Aung Hlaing។ នេះជាសកម្មភាពនយោបាយមួយ ដែលលោក Steve Ross យល់ថានឹងក្លាយជាការលើកទឹកចិត្តឱ្យប្រទេសដទៃធ្វើតាមពួកគេដែរ។ ថៃកំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យបណ្ដាប្រទេសអាស៊ានដែលបានហាមឃាត់ មេដឹកនាំមីយ៉ាន់ម៉ាចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់ចាប់តាំងពីមានរដ្ឋប្រហារមក អនុញ្ញាតឱ្យមីយ៉ាន់ម៉ាចូលរួមក្នុងកិច្ចប្រជុំធំៗឡើងវិញ។ 

* ស្ថានការណ៍នៅសមរភូមិកំពុងផ្លាស់ប្ដូរ
នៅលើសមរភូមិ ក្រុមចលនាតស៊ូប្រដាប់អាវុធនៅតែបន្តគ្រប់គ្រង និងប្រយុទ្ធការពារទឹកដីដែលពួកគេវាយដណ្ដើមបានចាប់តាំងពីមានរដ្ឋប្រហារដែលផ្ទុះទៅជាសង្រ្គាមស៊ីវិល។ ប៉ុន្តែ ប៉ុន្មានខែចុងក្រោយនេះ យោធាមីយ៉ាន់ម៉ាបានវាយដណ្ដើមយកមកវិញនូវទឹកដីដែលខ្លួនបានបាត់បង់ជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងច្រកផ្លូវពាណិជ្ជកម្មសំខាន់ៗស្ថិតនៅតាម បណ្ដោយព្រំដែនជាប់ជាមួយចិន និងថៃ។ ក្រុមអ្នកជំនាញជាច្រើនជឿថាចិនបានដើរតួនាទីយ៉ាងសំខាន់នៅពីក្រោយភាពរីកចម្រើនរបស់យោធាមីយ៉ាន់ម៉ា តាមរយៈការដាក់សម្ពាធ លើចលនាប្រដាប់តស៊ូប្រដាប់អាវុធធំៗមួយចំនួនឱ្យបោះបង់ចោលទឹកដីមួយចំនួនដែលពួកគេបានរឹបអូស និងបញ្ឈប់ការវាយប្រយុទ្ធគ្នាជាមួយយោធាមីយ៉ាន់ម៉ា ឬលក់អាវុធរបស់ ពួកគេទៅឱ្យក្រុមចលនាតស៊ូប្រដាប់អាវុធដទៃទៀតដែលកំពុងបន្តការប្រយុទ្ធ។ 

លោក Amara Thiha មកពីវិទ្យាស្ថាន Peace Research Institute Oslo បាននិយាយថាអ្វីដែលកំពុងអំណោយផលដល់យោធាមីយ៉ាន់ម៉ា នោះគឺការធ្លាក់ចុះទន់ខ្សោយ យ៉ាងឆាប់រហ័សនៃចលនាតស៊ូប្រដាប់អាវុធ People's Defense Forces ហៅកាត់ថា PDF។ តាមលោក Amara Thiha ការសិក្សាស្រាវជ្រាវផ្ទាល់ខ្លួនរបស់លោក បានរកឃើញថាមានទាហានរត់ចោលជួរជាច្រើនចេញពី PDF ក្នុងពេលប៉ុន្មានខែថ្មីៗនេះ ហើយសូម្បីតែចលនាតស៊ូប្រដាប់អាវុធធំៗ២ផ្សេងទៀតដូចជា Arakan Army និង Kachin Independence Army ក៏កំពុងស្ថិតក្នុងស្ថានការណ៍ដ៏លំបាកផងដែរ។ 

លោក Amara Thiha បានបន្ថែមថាក្នុងស្ថានការណ៍បច្ចុប្បន្ន គេមើលឃើញថាចលនាតស៊ូប្រដាប់អាវុធកំពុងធ្លាក់ចុះទន់ខ្សោយ រីឯយោធាមីយ៉ាន់ម៉ាកំពុងមានស្ថិរភាព ជាពិសេស ក្នុងតំបន់ភាគកណ្ដាលប្រទេសជាទីដែលមានជនជាតិភូមាភាគច្រើនរស់នៅ។ យ៉ាងណាក៏ដោយ លោកបន្ថែមថាជម្លោះមិនទាន់បញ្ចប់ទេ ហើយយោធាមីយ៉ាន់ម៉ានៅតែប្រឈមមុខនឹង វិបត្តិសេដ្ឋកិច្ច គ្រាន់តែពេលនេះយោធាមីយ៉ាន់ម៉ាហាក់មានគោលជំហរល្អប្រសើរជាងមុនតែប៉ុណ្ណោះ។ លោក Htet Shein Lynn មកពីវិទ្យាស្ថាន Institute for Strategy and Policy-Myanmar ក៏យល់ឃើញស្រដៀងគ្នានេះដែរដោយលោកនិយាយថាយោធាមីយ៉ាន់ម៉ាមិនមែនកំពុងឈ្នះដាច់ខាតនោះទេ គឺគ្រាន់តែពួកគេអាចងើបចេញពី ស្ថានការណ៍មួយដែលពួកគេកន្លងមកធ្លាប់បានចាញ់ជាបន្តបន្ទាប់។ 

* តើនឹងមានរឿងអ្វីកើតឡើងបន្ទាប់? 
អំឡុងប្រតិបត្តិការឈ្មោះ «Operation 1027» របស់ក្រុមចលនាតស៊ូប្រដាប់អាវុធកាលពីចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ យោធាមីយ៉ាន់ម៉ាបានបាត់បង់ទឹកដីគ្រប់គ្រងជាបន្តបន្ទាប់ ក្នុងនោះរួមមានទីស្នាក់ការនៃបញ្ជាការកណ្ដាលប្រចាំតំបន់ចំនួន២ និងមូលដ្ឋានរាប់រយកន្លែង ហើយនេះជាការបរាជ័យធ្ងន់ធ្ងរបំផុតក្នុងសង្រ្គាមស៊ីវិល។ «ពួកគេក្នុងពេលបច្ចុប្បន្ន កំពុង គ្រប់គ្រង និងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពនូវជំនួយពីចិនដើម្បីទប់ស្កាត់បរាជ័យយោធា និងចាប់ផ្ដើមធ្វើឱ្យគោលជំហររបស់ពួកគេមានស្ថិរភាព»។ នេះជាការលើកឡើងរបស់លោក Htet Shein Lynn។ 

លោក Steve Ross និងលោក Htet Shein Lynn យល់ស្របដូចគ្នាថាក្រុមចលនាតស៊ូប្រដាប់អាវុធជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ាមានការបែកបាក់គ្នាខ្លាំងពេក ដោយមិនអាច សាមគ្គីជាធ្លុងមួយដើម្បីវាយបំបាក់យោធាមីយ៉ាន់ម៉ាបាននោះទេ។ តែព្រមពេលជាមួយគ្នា យោធាមីយ៉ាន់ម៉ាក៏ទំនងជាមិនអាចវាយបំបាក់ពួកគេក្នុងពេលដ៏ខ្លីខាងមុខនេះបាននោះដែរ។ លោក Ross បានបន្ថែមថាមូលដ្ឋាននៃចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងយោធាមីយ៉ាន់ម៉ាត្រូវបានបង្កើតឡើងរួចទៅហើយ។ នេះមានន័យថាពួកគេអាចធ្វើសកម្មភាពប្រឆាំងនឹង យោធាមីយ៉ាន់ម៉ាជាច្រើនឆ្នាំទៅមុខទៀត ក៏ព្រោះសាធារណៈមតិនៅមីយ៉ាន់ម៉ានៅតែមានការខឹងសម្បារនឹងយោធាមីយ៉ាន់ម៉ាចំពោះការធ្វើរដ្ឋប្រហារ និងវិបត្តិដែលបានកើតឡើង។ 

តាមលោក Ross យោធាមីយ៉ាន់ម៉ាកំពុងមានទំនុកចិត្តខ្លាំង បើធៀបទៅនឹងកាលពីជាង២ឆ្នាំមុន ប៉ុន្តែលោកយល់ថាសង្រ្គាមស៊ីវិលមិនទាន់បញ្ចប់នៅឡើយទេ ហើយយោធាមីយ៉ាន់ម៉ា ក៏មិនទាន់មានទំនុកចិត្តគ្រប់គ្រាន់ដើម្បីប្រកាសពីជ័យជម្នះទាំងស្រុងនោះដែរ៕

0.000 SRY$0.00
Khmer Dispatch

Comments