Serey is utilizing Blockchain technology

ហេតុអ្វីអ៉ីរ៉ង់កាន់តែផ្ដោតលើ UAE នៅក្នុងសារសង្រ្គាមរបស់ខ្លួន?

(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអ៉ីរ៉ង់បានបង្កើនការយកចិត្តទុកដាក់ជាពិសេសលើអេមីរ៉ាតអារ៉ាប់រួម (UAE) នៅក្នុងសារសង្រ្គាមរបស់ខ្លួន ហើយបានគំរាមថានឹងវាយប្រហារដ៏ខ្លាំងក្លាបំផុតលើ UAE ប្រសិនបើសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារឡើងវិញលើអ៉ីរ៉ង់។ ដូច្នេះតើហេតុអ្វីបានជាអ៉ីរ៉ង់បង្កើនការផ្តោតលើ UAE? តាមពិតទៅ យោធាអាមេរិកមានវត្តមាន ដ៏មានសារៈសំខាន់នៅលើទឹកដី UAE អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងនោះរួមមានទាំងនៅឯមូលដ្ឋានទ័ពអាកាស al-Dhafra ស្ថិតនៅជាយទីក្រុង Abu Dhabi ដែលទទួល ឱ្យកងទ័ពអាមេរិករាប់ពាន់នាក់ឈរជើង រួមទាំងបរិក្ខារយោធាទំនើបៗដូចជាប្រព័ន្ធរ៉ាដា និងប្រព័ន្ធឈ្លបយកការណ៍ដែលកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានអះអាងថាខ្លួនបានកំណត់គោលដៅ អំឡុងសង្រ្គាម។ 

កាលពីឆ្នាំ២០២០ UAE រួមជាមួយបារ៉ែន និងម៉ារ៉ុកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព Abraham Accords សម្របសម្រួលដោយសហរដ្ឋអាមេរិកដើម្បីភ្ជាប់ទំនាក់ទំនង ជាប្រក្រតីជាមួយអ៉ីស្រាអែល។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកចង់ពង្រីកកិច្ចព្រមព្រៀងនេះដែលលោកផ្ទាល់ជាអ្នកសម្របសម្រួលអំឡុងអាណត្តិទី១ របស់ លោក តាមរយៈការបញ្ចុះបញ្ចូលឱ្យអារ៉ាប៊ីសាអូឌីតឱ្យចូលរួមដែរ។ តែសង្រ្គាមរបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សាបានបង្អាក់ដល់ភាពរីកចម្រើន រហូតមកទល់នឹងបច្ចុប្បន្ន។ 

លោក ត្រាំ ក៏បានកោតសរសើរផងដែរដល់ប្រធានាធិបតី UAE ព្រះអង្គម្ចាស់ Mohammed bin Zayed Al Nahyan ថាជាមេដឹកនាំដ៏ឈ្លាសវៃដែលចង់ដើរតាមផ្លូវរបស់ខ្លួនឯង បន្ទាប់ពីព្រះអង្គដក UAE ចេញពីអង្គការក្រុមប្រទេសនាំចេញប្រេង ហៅកាត់ថា OPEC កាលពីខែមេសាកន្លងទៅ។ ចាប់តាំងពីចុះកិច្ចព្រមព្រៀង Abraham Accords UAE និងអ៉ីស្រាអែលបានពង្រីកយ៉ាងឆាប់រហ័សនូវកិច្ចសហប្រតិបត្តិការយោធា និងព័ត៌មានស៊ើបការណ៍សម្ងាត់។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតអាវុធអ៉ីស្រាអែល Elbit Systems ថែមទាំង បានបើកក្រុមហ៊ុនបុត្រសម្ព័ន្ធនៅលើទឹកដី UAE ទៀតផង។ អំឡុងសង្រ្គាមអ៉ីរ៉ង់ អ៉ីស្រាអែលក៏បានបញ្ជូនផងដែរប្រព័ន្ធខែលប្រឆាំងមីស៊ីល Iron Dome និងទាហានជាច្រើននាក់ដើម្បី ជួយធ្វើប្រតិបត្តិការប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើបមួយនេះទៅកាន់ UAE ហើយរឿងបែបនេះមិនធ្លាប់មានឡើយនៅក្នុងពិភពអារ៉ាប់។ 

នៅឯព្រឹត្តិការណ៍មួយក្នុងទីក្រុង Tel Aviv កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកអគ្គរដ្ឋទូតអាមេរិក លោក Mike Huckabee បានឱ្យដឹងថាការដាក់ពង្រាយ Iron Dome ធ្វើឡើងដោយសារតែទំនាក់ទំនងដ៏ពិសេសអស្ចារ្យរវាង UAE និងអ៉ីស្រាអែលផ្អែកលើកិច្ចព្រមព្រៀង Abraham Accords។ លោក Anwar Gargash ជាទីប្រឹក្សាម្នាក់របស់ ប្រធានាធិបតី UAE បាននិយាយកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ថាការវាយប្រហាររបស់អ៉ីរ៉ង់លើបណ្ដាប្រទេសអារ៉ាប់ក្បែរខាង នឹងក្លាយជាស្ពានដើម្បីពង្រឹងទំនាក់ទំនងរវាងអ៉ីស្រាអែល និងបណ្ដារដ្ឋអារ៉ាប់ដែលមានទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល។ ក្រុមមន្ត្រី UAE បាននិយាយថាទំនាក់ទំនងការបរទេស និងភាពដៃគូក្នុងវិស័យការពារជាតិរបស់ខ្លួន គឺជាបញ្ហាអធិបតេយ្យ សុទ្ធសាធ ហើយថាតេហេរ៉ង់បាន និងកំពុងព្យាយាមបោកបញ្ឆោតសហគមន៍អន្តរជាតិ និងអះអាងពីភាពត្រឹមត្រូវនៃការវាយប្រហាររបស់ខ្លួនដោយនិយាយថាទឹកដី និងដែនអាកាសរបស់ បណ្ដាប្រទេសអារ៉ាប់ត្រូវបានប្រើប្រាស់សម្រួលដល់ការវាយប្រហារលើអ៉ីរ៉ង់។ 

UAE មានជម្លោះយូរអង្វែងមកហើយជាមួយអ៉ីរ៉ង់ជុំវិញកោះ Greater Tunb, Lesser Tunb និង Abu Musa ដែលត្រូវបានគ្រប់គ្រងដោយអ៉ីរ៉ង់ចាប់តាំងពីឆ្នាំ១៩៧១។ កោះទាំងនេះ ត្រូវបានចាត់ទុកថាមានសារៈសំខាន់សម្រាប់ការពង្រឹងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz។ ក្រុមមន្ត្រី UAE​ បានពន្យល់ថាប្រទេសរបស់ពួកគេបានរងការវាយប្រហារពីអ៉ីរ៉ង់ ដោយសារតែ UAE ដំណាងឱ្យភាពរុងរឿងសេដ្ឋកិច្ច មានប្រជាជនចម្រុះជាតិសាសន៍ចំនួន ២០០ និងឱបក្រសោបការធ្វើពិពិធកម្មវប្បធម៌។ ចំណែកអ៉ីរ៉ង់វិញបានខ្ជះខ្ជាយទ្រព្យទៅលើកម្មវិធីនុយក្លេអ៊ែរ មីស៊ីល និងការគាំទ្រដល់ចលនាប្រឆាំងសហរដ្ឋអាមេរិកក្នុងតំបន់។ 

* តើ UAE វាយប្រហារដោយផ្ទាល់លើអ៉ីរ៉ង់ឬ? 
ដោយសារតែសម្បូរលុយចាយមិនខ្វះ និងមានកិច្ចព្រមព្រៀងយោធាជាមួយសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន UAE កំពុងធ្វើប្រតិបត្តិការកងទ័ពអាកាសមួយប្រដាប់ដោយបច្ចេកវិទ្យា និងយន្ដហោះចម្បាំងទំនើបៗ។ ប្រហែលជាង ១សប្ដាហ៍ក្រោយសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែលបានរាយការណ៍ថាយន្ដហោះចម្បាំង UAE បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសដោយផ្ទាល់ប្រឆាំងនឹងរោងចក្រចម្រាញ់ទឹកប្រៃទៅទឹកសាបមួយកន្លែងស្ថិតនៅលើកោះ Qeshm របស់អ៉ីរ៉ង់។ ប៉ុន្តែលោក Ali al-Nuaimi ជាមន្ត្រីជាន់ខ្ពស់ UAE ម្នាក់បានច្រានចោលសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែលជាព័ត៌មានក្លែងក្លាយ ហើយថាប្រសិនបើចង់ធ្វើអ្វីមួយ UAE មានភាពក្លាហានប្រកាសឱ្យគេដឹង។ 

រហូតដល់ដើមខែមេសា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ IRIB បានបង្ហាញរូបភាពមួយសន្លឹកនៃបំណែកដ្រូន Wing Loong ផលិតដោយចិន។ Wing Loong ជាដ្រូនដែលត្រូវបានប្រើប្រាស់ដោយ UAE នៅក្នុងប្រតិបត្តិការប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន។ ព្រមពេលជាមួយគ្នា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងអ្នកអត្ថាធិប្បាយអ៉ីរ៉ង់បានបង្កើនការសន្មត់ថា UAE ប្រហែលជាបានចូលរួមក្នុងការវាយប្រហារលើទឹកដីអ៉ីរ៉ង់អំឡុងសង្រ្គាម ក្នុងនោះរួមមានទាំងការវាយប្រហារដែលបានបង្កការខូចខាតដល់រោងចក្រប្រេងស្ថិតនៅលើកោះនៃដែនទឹកភាគខាងត្បូង របស់អ៉ីរ៉ង់។ ខណៈក្រុមមេបញ្ជាការ និងអ្នកនយោបាយអ៉ីរ៉ង់មិនបានចោទប្រកាន់ជាផ្លូវការលើ UAE ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បាននាំគ្នាចង្អុលមុខ UAE ថាបានចូលរួមក្នុងការវាយប្រហារ ប្រឆាំងនឹងអ៉ីរ៉ង់។ 

នៅព្រឹកថ្ងៃទី៨ ខែមេសា បន្ទាប់ពីលោក ត្រាំប្រកាសបទឈប់បាញ់ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានចេញផ្សាយរូបភាព និងធ្វើសេចក្ដីរាយការណ៍ពីការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងមួយនៅលើ កោះ Lavan រួមទាំងការផ្ទុះជាច្រើនលើកនៅលើកោះ Siri។ អ៉ីស្រាអែល និងសហរដ្ឋអាមេរិកបាននិយាយពួកគេមិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះទេ។ បន្ទាប់ពីនោះភ្លាមៗ ឆាណែល Telegram កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានបង្ហោះរូបភាពដែលបង្ហាញពីយន្ដហោះចម្បាំង Mirage 2000-9 ផលិតដោយបារាំង និងត្រូវបានធ្វើប្រតិបត្តិការដោយ UAE ហោះហើរពីលើ ភាគខាងត្បូងអ៉ីរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បាននាំគ្នារាយការណ៍ថាយន្ដហោះចម្បាំង Mirage របស់ UAE បានដឹកនាំការវាយប្រហារលើកោះ Lavan។ 

លើសពីនេះទៅទៀត ក្រុមអ្នកវិភាគអ៉ីរ៉ង់ក៏បានគូសបញ្ជាក់ដែរថានៅក្នុងវីដេអូមួយបង្ហោះដោយប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa កាលពីចុងខែមេសា នៅពេលដែលរូបលោក ត្រូវបានអមដំណើរដោយយន្ដហោះចម្បាំងរបស់ UAE គេសង្កេតឃើញថាសញ្ញាសម្គាល់ និងលេខនៅលើកន្ទុយយន្ដហោះចម្បាំង F-16E ត្រូវបានលុបចេញ។ ក្រុមអ្នកវិភាគអ៉ីរ៉ង់ បានបកស្រាយថានេះជាភស្តុតាងបង្ហាញថា UAE ប្រហែលជាបានប្រើប្រាស់យន្ដហោះចម្បាំងប្រឆាំងនឹងអ៉ីរ៉ង់ ហើយចង់កាត់បន្ថយហានិភ័យក្នុងករណីយន្ដហោះចម្បាំងត្រូវបានបាញ់ទម្លាក់។ ជាការឆ្លើយតប អ៉ីរ៉ង់បានបើកការវាយប្រហារដោយបាញ់មីស៊ីល និងដ្រូនដែលភាគច្រើនកំណត់គោលដៅលើ UAE បន្ទាប់មកគឺបារ៉ែន កូវ៉ែត កាតា និងអារ៉ាប៊ីសាអូឌីត។ 

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើង UAE បានប្រឈមមុខនឹងការវាយប្រហារធ្ងន់ធ្ងរជាងគេពីអ៉ីរ៉ង់ ក្រៅពីអ៉ីស្រាអែល។ យ៉ាងណាក៏ដោយ UAE មិនបានធ្វើការអត្ថាធិប្បាយផ្លូវការ លើការវាយប្រហារលើទឹកដីអ៉ីរ៉ង់នោះទេ៕

0.000 SRY$0.00
Khmer Dispatch

Comments