Serey is utilizing Blockchain technology

មេបញ្ជាការអាមេរិក អះអាងថាប្រព័ន្ធ THAAD មិនត្រូវបានរើចេញពីកូរ៉េខាងត្បូង…

(សេអ៊ូល)៖ មេបញ្ជាកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង លោកឧត្តមសេនីយ៍ Xavier Brunson បានអះអាងថាសហរដ្ឋអាមេរិកមិនបានរើប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD ចេញពីកូរ៉េខាងត្បូង បញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីគាំទ្រដល់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងអ៉ីរ៉ង់នោះទេ តែគ្រាប់រំសេវមួយចំនួនកំពុងរង់ចាំការផ្ទេរទៅកាន់ទីនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ 

សារព័ត៌មានអាមេរិក Washington Post កាលពីខែមីនាកន្លងទៅបានរាយការណ៍ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាសហរដ្ឋអាមេរិក បានបញ្ជូនបរិក្ខារមួយចំនួននៃប្រព័ន្ធ THAAD ចេញពីកូរ៉េខាងត្បូង ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីប្រើប្រាស់ក្នុងសង្រ្គាមអ៉ីរ៉ង់។ សេចក្ដីរាយការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុង ប្រទេសកូរ៉េខាងត្បូង ដ្បិត THAAD គឺជាសរសរស្ដម្ភមួយនៃប្រព័ន្ធការពារជាតិទប់ទល់នឹងកូរ៉េខាងជើង។ 

តែទោះជាយ៉ាងណាក៏ដោយ អំឡុងផ្ដល់សក្ខីកម្មទៅកាន់គណៈកម្មាធិការសេវាប្រដាប់អាវុធនៃព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ លោក Xavier Brunson បានឱ្យដឹងថា សហរដ្ឋអាមេរិកមិនបានរើប្រព័ន្ធ THAAD ចេញពីកូរ៉េខាងត្បូងនោះទេ។ «ក្នុងពេលបច្ចុប្បន្ន THAAD នៅតែបន្តស្ថិតនៅលើឧបទ្វីបកូរ៉េ»។ នេះជាការគូសបញ្ជាក់របស់លោក Brunson ជាមួយ ការបន្ថែមថាលោករំពឹងថានឹងមិនមានការរើប្រព័ន្ធ THAAD ចេញពីកូរ៉េខាងត្បូងនោះទេ។ 

គួរបញ្ជាក់ថា THAAD ជាប្រព័ន្ធខែលប្រឆាំងមីស៊ីលដែលត្រូវបានផលិតឡើងដើម្បីស្ទាក់បំផ្លាញមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី មធ្យម និងរយៈចម្ងាយឆ្ងាយ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយថាកូរ៉េខាងត្បូងមិនសប្បាយចិត្តនោះទេចំពោះសេចក្ដីរាយការណ៍អំពីការរើប្រព័ន្ធ THAAD តែលោកបានទទួលស្គាល់ថារដ្ឋាភិបាលរបស់លោកមិនអាចឃាត់បានទេ ប្រសិនបើវាជាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែព្រមពេលជាមួយគ្នា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានអះអាងថាខ្លួននៅតែមានសមត្ថភាពកំញើញទប់ស្កាត់កូរ៉េខាងជើង បើទោះជាអាមេរិក រើបរិក្ខារយោធាមួយចំនួនរបស់ខ្លួនចេញពីកូរ៉េខាងត្បូងក៏ដោយ។ 

សហរដ្ឋអាមេរិកបានដាក់ពង្រាយកងទ័ព ២៨៥០០នាក់ឱ្យឈរជើងនៅកូរ៉េខាងត្បូង រីឯប្រព័ន្ធ THAAD ត្រូវបានដាក់ពង្រាយនៅលើទឹកដីកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៧។ ប៉េកាំងបានជំទាស់យ៉ាងខ្លាំង ទៅនឹងការដាក់ពង្រាយប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើបមួយនេះ ដោយសម្លឹងឃើញថាប្រព័ន្ធរ៉ាដារបស់វាជាការគំរាមកំហែងមួយដល់សន្តិសុខជាតិរបស់ចិន៕

1253.108 SRY$0.00
Khmer Dispatch

Comments