Serey is utilizing Blockchain technology

មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ.ស ២០២៦…

(ភ្នំពេញ)៖ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ្រិស្តសករាជ ២០២៦ នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មហាសង្ក្រាន្ត វេលាម៉ោង ១០៖៤៨នាទីព្រឹក។

នៅពេលនេះ បណ្តាញព័ត៌មាន Fresh News សូមដកស្រង់នូវមហាសង្ក្រាន្ដឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ.ស ២០២៦ របស់លោក អ៉ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សកល មកជម្រាបជូនដូចតទៅ៖

ព្រះពុទ្ធសករាជព្រះសាសនាអតិក្កន្តា កន្លងទៅហើយបាន ២៥៦៩ ត្រឹមថ្ងៃសុក្រ ១៥កើត ខែពិសាខ លុះដល់ថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័កតទៅ ចូលពុទ្ធសករាជ ២៥៨៧០ នឹងគណនាឆ្នាំមមីឥឡូវនេះ សង្ក្រាន្តចូលនៅថ្ងៃអង្គារ ១២រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ ២០២៦ វេលាម៉ោង១០៖៤៨នាទីព្រឹក។

ពេលនោះ ព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាលមានទេវធិតាមួយ ព្រះអង្គជាមគ្គនាយិកា ព្រះនាម «រាក្យសាទេវី» ជារាជបុត្រីទី៣នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ ខ្មៅ លម្អនៅព្រះកាណ៌ដោយ សៀតឈូក អភរណៈ កែវមនោរា ភក្សាហារទ្រង់ លោហិត (ឈាម) ព្រះហស្តស្តាំ ទ្រង់ធ្នូ ព្រហស្តឆ្វេង ទ្រង់ត្រីសូល៍ ទ្រង់គង់ឈរ​បើកព្រះនេត្រលើខ្នងមនោម័យ (សេះ) ជាមគ្គពាហនៈ។

ទើបនាំអស់ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវ ធម្មមាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតំកល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតំកល់លើពានមាសនាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី។ ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេពធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្ត ព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រប់ៗព្រះអង្គក្នុងភគវតីសភា សាលាដែលព្រះវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្ដីជ័យមង្គលជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយ សុខក្សេមក្សាន្តតរៀងទៅ។

* ថ្ងៃអង្គារ១២រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០២៦ វេលាម៉ោង១០និង៤៥នាទីព្រឹក ជាថ្ងៃចូលឆ្នាំ (វារៈ ជាថ្ងៃចូលឆ្នាំ (វារៈមហាសង្ក្រាន្ត)។
* ថ្ងៃពុធ១៣រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសាគ.ស.២០២៦ ជាវារៈវន័បត។
* ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស.២០២៦ វេលាម៉ោង ១៤និង៤០នាទី១២វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ចូល ជាសកល ឆ្នាំមមី អដ្ឋស័ក មហាសករាជ ១៩៤៨ ចូល្លសករាជ ១៣៨៨ តទៅ។

នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រទេពធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរី្ថយជាចិត្តអប្រិយ៍ ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មី នេះតរៀងទៅ។

*** រណ្តា��់ទទួលទេវតា
រណ្តាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ ពណ៌ស ឬសំពត់តាមអម្ពរទេវតីតាក៏បាន ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍បាយសី៩ថ្នាក់មូយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។

ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំ ព្រះនមស្សការ ព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួងតម្កល់ចិត្ត រំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា។ នៅខាងដើមរានគួរមានក្លោះមួយបាំងផង។

នៅគ្រប់ជង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសី ត្រូវដោតទៀនហើយដុតបំភ្លឺ៕

ដកស្រង់ចេញពីសៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី របស់លោក អ៉ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សកល

543.056 SRY$0.00
Khmer Dispatch

Comments