Serey is utilizing Blockchain technology

យោធាអ៉ីរ៉ង់ ថាអាមេរិកកំពុងតែចរចាជាមួយខ្លួនឯង បន្ទាប់ពីលោក ត្រាំ បន្តអះអាងថា…

(តេហេរ៉ង់)៖ នាថ្ងៃពុធ ទី២៥ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍សម្តីអ្នកនាំពាក្យយោធាអ៉ីរ៉ង់ថា សហរដ្ឋអាមេរិក កំពុងតែចរចាជាមួយខ្លួនឯងតែម្នាក់ឯង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តអះអាងថា កិច្ចចរចារវាងប្រទេសទាំងពីរ សំដៅបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា កំពុងតែប្រព្រឹត្តទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នាថ្ងៃពុធនេះ លោក Ebrahim Zolfaqari អ្នកនាំពាក្យទីបញ្ជាការកណ្តាលរបស់កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ បានចោទសួរលក្ខណៈឌឺដងទៅកាន់​សហរដ្ឋអាមេរិកយ៉ាងដូច្នេះថា «តើកម្រិតនៃការតស៊ូរបស់អ្នកឯង បានឈានដល់ដំណាក់កាលនិយាយចរចាតែជាមួយខ្លួនឯងហើយឬ? មនុស្សដូចជាពួកយើង គឺគ្មានថ្ងៃអាចត្រូវរ៉ូវជាមួយមនុស្សដូចជាពួកអ្នកឡើយ»។ លោក Zolfaqari បានបន្ថែមថា តម្លៃថាមពល និងសណ្តាប់ធ្នាប់មុនសង្រ្គាម គឺនឹងមិនអាចវិលត្រឡប់ដូចដើមជាដាច់ខាត ដរាបណាទីក្រុងវ៉ាស៉ីនតោន មិនទទួលស្គាល់ថា ស្ថិរភាពតំបន់ ត្រូវបានធានាដោយកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់។

នាថ្ងៃពុធនេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) ក៏បានប្រកាសដែរថា ខ្លួនបានបើកការវាយប្រហារមីស៉ីលជុំថ្មីទី៨០ ប្រឆាំងអ៉ីស្រាអែល និងមូលដ្ឋានយោធាអាមេរិក នៅក្នុងតំបន់។ IRGC បាននិយាយថា ខ្លួនបានកំណត់គោលដៅលើទីក្រុង Safad, Kiryat Shmona, Bnei Brak និង ​Tel Aviv របស់ប្រទេសអ៉ីស្រាអែល ព្រមទាំងមូលដ្ឋានទ័ពអាមេរិក នៅប្រទេសកូវ៉ែត ហ៊្សកដានី និងបារ៉ែន។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន លោក ត្រាំ បានអះអាងថា ភាគីទាំងពីរបានចរចាគ្នា ដោយទីក្រុងតេហេរ៉ង់ ចង់ស្វែងរកកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាម។ ប៉ុន្តែភ្លាមៗនោះ អ៉ីរ៉ង់បានចេញមុខច្រានចោលម្តងរួចមកហើយថា វាជារឿងមិនពិត។ ទោះជាបែបនេះក្តី កាលពីថ្ងៃអង្គារ លោក ត្រាំ បានបន្តអះអាងជាថ្មីថា អាមេរិកកំពុងធ្វើឱ្យមានភាពរីកចម្រើន​ក្នុងកិច្ចប្រឹងប្រែងចរចាជាមួយអ៉ីរ៉ង់។ ទន្ទឹមគ្នានោះ កាលពីថ្ងៃអង្គារ មានសេចក្តីរាយការណ៍ព័ត៌មានថា ផែនការ១៥ចំណុចមួយ ដើម្បីបញ្ចប់ជម្លោះ ដែលព្រាងឡើងដោយទីក្រុងវ៉ាស៉ីនតោន ត្រូវបានបញ្ជូនឱ្យទីក្រុងតេហរ៉ង់៕

682.524 SRY$0.00
Khmer Dispatch

Comments