Serey is utilizing Blockchain technology

មន្រ្តីយោធាអាមេរិក ថាកញ្ចប់លក់សព្វាវុធឱ្យតៃវ៉ាន់ កំពុងផ្អាកជាបណ្តោះអាសន្ន…

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្រ្តីស្តីទីកងទ័ពជើងអាមេរិក បាននិយាយថា កញ្ចប់លក់សព្វាវុធរបស់តៃវ៉ាន់ កំពុងផ្អាកជាបណ្តោះអាសន្ន ដើម្បីធានាថា យោធាអាមេរិកមានអាវុធគ្រប់គ្រាន់ សម្រាប់ប្រតិបត្តិការយោធានៅអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋមន្រ្តីស្តីទីកងទ័ពជើងអាមេរិក លោក Hung Cao បានលើកឡើងដូចខាងលើ អំឡុងសវនាការនៅសភាអាមេរិក​ ពេលត្រូវបានសួរនាំអំពីភាពជាប់គាំង នៃការទិញសព្វាវុធតម្លៃ ១៤ពាន់លានដុល្លារពីសំណាក់តៃវ៉ាន់។ លោក Cao បាននិយាយថា ដ្បិតបច្ចុប្បន្នសព្វាវុធសម្រាប់ប្រតិបត្តិការសង្រ្គាមអឺរ៉ុង គឺមានច្រើនហើយក៏ដោយ ការផ្អាកនោះគឺដើម្បីធានាថា យោធាអាមេរិកមានអ្វីៗគ្រប់យ៉ាង ហើយដំណើរការលក់ឱ្យបរទេស នឹងបន្តឡើងវិញនៅពេលរដ្ឋបាលលោក ត្រាំ កំណត់ថា វាដល់ពេលចាំបាច់។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនទាន់ផ្តល់ការយល់ព្រមចុងក្រោយ សម្រាប់កញ្ចប់លក់សព្វាវុធខាងលើនៅឡើយទេ ដែលជាហេតុនាំឱ្យកើនឡើងក្តីបារម្ភ អំពីការប្តេជ្ញារបស់លោកចំពោះការគាំទ្រតៃវ៉ាន់ ដែលជាដែនកោះត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដី​របស់ខ្លួន។

នៅមុនពេលធ្វើទស្សនកិច្ចថ្មីៗនេះទៅកាន់ប្រទេសចិន លោក ត្រាំ បាននិយាយថា លោកនឹងជជែកជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង អំពីការលក់សព្វាវុធនោះ ខណៈវាប្រាសចាកពីការអះអាងពីមុនរបស់ទីក្រុងវ៉ាស៉ីនតោន ដែលថាខ្លួននឹងមិនជជែកអំពី​បញ្ហានេះជាមួយទីក្រុងប៉េកាំងឡើយ។ រីឯក្រោយពេលទស្សនកិច្ច លោក ត្រាំ បានប្រាប់ថា រូបលោកមិនបានផ្តល់ការសន្យាណាមួយ​ចំពោះលោក ស៉ី ស្តីពីតៃវ៉ាន់ទេ ហើយលោកនឹងធ្វើការសម្រេចចិត្ត ជុំវិញកញ្ចប់លក់សព្វាវុធតម្លៃ១៤ពាន់លានដុល្លារនោះ ក្នុងពេល​មិនយូរទៀតឡើយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ទទួលស្គាល់តែទីក្រុងប៉េកាំងក៏ពិតមែន ប៉ុន្តែមានកាតព្វកិច្ចផ្លូវច្បាប់ ត្រូវផ្តល់សព្វាវុធដល់តៃវ៉ាន់ ដើម្បីឱ្យដែនកោះនេះមានមធ្យោបាយការពារខ្លួន។ រីឯចិនបានប្តេជ្ញាថានឹងគ្រប់គ្រងតៃវ៉ាន់នៅថ្ងៃណាមួយ ហើយមិនដែលបោះបង់​លទ្ធភាពនៃការប្រើកម្លាំងយោធា ដើម្បីសម្រេចគោលដៅទេ ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនសម្ពាធខ្លាំង​ទាំងផ្នែកនយោបាយនិងយោធា៕

335.480 SRY$0.00
Khmer Dispatch

Comments