អាមេរិកបង្គាប់ឱ្យសម្ព័ន្ធមិត្តអឺរ៉ុប និងកាណាដា បង្កើនកម្លាំងដែនអាកាស និងជើងទឹករបស់ណាតូ

(ព្រុចសែល)៖ មេបញ្ជាការកំពូលរបស់អង្គការណាតូ (NATO) បានថ្លែងនៅថ្ងៃពុធថា សហរដ្ឋអាមេរិករំពឹងថាសម្ព័ន្ធមិត្តអឺរ៉ុប និងកាណាដា នឹងបង្កើនចំនួនយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ខ្លួនយ៉ាងឆាប់រហ័ស ដើម្បីជួយសម្រាលបន្ទុកយោធារបស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្តីថ្លែងការណ៍របស់ឧត្តមសេនីយ៍នៃកងទ័ពអាកាសអាមេរិក លោក អាឡិចសឹស ហ្គ្រីនឃេវិច (Alexus Grynkewich) ដែលជាមេបញ្ជាការកំពូលណាតូ និងជាប្រមុខកងទ័ពអាមេរិកប្រចាំអឺរ៉ុប ធ្វើឡើងបន្ទាប់ពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានសម្រេចចិត្តកាត់បន្ថយការរួមចំណែកកម្លាំងយោធារបស់អាមេរិកចំពោះណាតូ ក្នុងករណីមានវិបត្តិ។ លោក ត្រាំ តែងតែរិះគន់ណាតូ និងបានសង្កត់ធ្ងន់ថា សមាជិកអឺរ៉ុបត្រូវតែទទួលខុសត្រូវចម្បងលើការការពារទ្វីបរបស់ខ្លួន។

លោក ហ្គ្រីនឃេវិច បានបញ្ជាក់ថា យន្តហោះចម្បាំង និងនាវាចម្បាំង គឺជាវិស័យពីរដែលកាណាដា និងសម្ព័ន្ធមិត្តអឺរ៉ុបអាចចូលរួមបង្កើនសមត្ថភាពបានភ្លាមៗ ខណៈដែលអាមេរិកកំពុងកាត់បន្ថយកម្លាំងរបស់ខ្លួនពីណាតូ ដើម្បីបង្វែរការយកចិត្តទុកដាក់ទៅកាន់តំបន់ផ្សេងទៀត ចំពេលដែលពិភពលោកកំពុងប្រឈមនឹងលទ្ធភាពផ្ទុះជម្លោះក្នុងពេលតែមួយនៅសមរភូមិជាច្រើន៕

Khmer Dispatch

Comments