(បាងកក)៖ នាថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦នេះ ប្រទេសថៃ បានលុបចោលកិច្ចព្រមព្រៀងយូរអង្វែងមកហើយជាមួយកម្ពុជា ស្តីពីការឆ្ពោះទៅរុករកថាមពលក្រោម សមុទ្ររួមគ្នា ដោយនាយករដ្ឋមន្ត្រីថៃ លោក Anutin បាននិយាយថា ប្រទេសទាំងពីរអាចនឹងប្រើប្រាស់ក្របខណ្ឌអន្តរជាតិដែលមានស្រាប់សម្រាប់កិច្ចពិភាក្សានៅពេលអនាគត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod។
លោក Anutin បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ការលុបចោលកិច្ចព្រមព្រៀងនេះ គឺមិនមានពាក់ព័ន្ធទៅនឹងជម្លោះព្រំដែនជាមួយកម្ពុជាទេ ប៉ុន្តែជាផ្នែកមួយនៃគោលនយោបាយរបស់ខ្ញុំ។ រយៈពេល២៥ឆ្នាំ បានកន្លងផុតទៅ ប៉ុន្តែពុំមានវឌ្ឍនភាពអ្វីសោះ»។
លោក Anutin បានបន្ថែមថា រដ្ឋាភិបាលលោក នឹងជូនដំណឹងជាផ្លូវការដល់ភាគីកម្ពុជា អំពីការសម្រេចចិត្តនេះ។ លោកបន្ថែមថា ប្រទេសទាំងពីរ អាចនឹងប្រើប្រាស់ក្របខណ្ឌអន្តរជាតិដែលមានស្រាប់ ក្នុងនោះរួមមានទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ UNCLOS ដើម្បីឆ្ពោះទៅរកកិច្ចពិភាក្សានៅពេលអនាគត។
លោក Anutin ក៏បានសង្កត់ធ្ងន់ដែរថា ថៃ និងកម្ពុជា គឺសុទ្ធតែជាភាគីនៃអនុសញ្ញា UNCLOS។
ការលុបចោលរបស់គណៈរដ្ឋមន្រ្តីថៃ ចំពោះកិច្ចព្រមព្រៀងឆ្នាំ២០០១ ដែលមានគោលដៅអភិវឌ្ឍក្របខណ្ឌ ដើម្បីរួមគ្នារុករកថាមពលនៅតំបន់ក្នុងឈូងសមុទ្រថៃ ត្រង់កន្លែងដែលថៃ និងកម្ពុជា មានការទាមទារត្រួតស៊ីគ្នា គឺត្រូវបានរំពឹងយូរដែរមកហើយថា នឹងកើតឡើង ក្រោយប្រទេសទាំងពីរ បានផ្ទុះជម្លោះប្រដាប់អាវុធ២លើក កាលពីឆ្នាំ២០២៥។
ការលុបចោលកិច្ចព្រមព្រៀងខាងលើ គឺជាការសន្យាមួយអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត របស់នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul ដែលបានក្តាប់យកឱកាសនៃសន្ទុះចលនាជាតិនិយមយ៉ាងផុសផុលនៅក្នុងប្រទេសថៃ ជំរុញដោយការផ្ទុះសង្គ្រាមជាមួយកម្ពុជា រហូតឈានដល់ទទួលបានជ័យជម្នះយ៉ាងភ្ញាក់ផ្អើល ក្នុងការបោះឆ្នោតសកលឆ្នាំនេះ ហើយបន្តជាប់ជានាយករដ្ឋមន្ត្រី៕



Comments