Serey is utilizing Blockchain technology

ការបំផ្ទុះគ្រាប់បែកលើរថភ្លើងនៅប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងតិច ២៤នាក់…

(ក្វែតតា)៖ អាជ្ញាធរប៉ាគីស្ថានបានឱ្យដឹងថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតលើរថភ្លើងដឹកជញ្ជូនកងសន្តិសុខ និងក្រុមគ្រួសារ នៅក្នុងខេត្តបាឡូជីស្ថាន ភាគនិរតីនៃប្រទេសប៉ាគីស្ថាន នៅថ្ងៃអាទិត្យនេះ​ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៤នាក់ស្លាប់ និងប្រហែល ៧០នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងផ្លូវដែកប៉ាគីស្ថានបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្បែរខ្សែផ្លូវរថភ្លើងក្នុងទីក្រុងក្វែតតា (Quetta) ដែលជារដ្ឋធានីនៃខេត្តបាឡូជីស្ថាន ដោយកម្លាំងផ្ទុះបានធ្វើឱ្យក្បាលរថភ្លើង និងទូរថភ្លើងចំនួន ៣ ធ្លាក់ចេញពីផ្លូវដែក និងក្រឡាប់ចំនួន ២ទូ។ ក្រុមឧទ្ទាមបំបែករដ្ឋ «កងទ័ពរំដោះបាឡូជីស្ថាន»​ បានចេញសេចក្តីថ្លែងការណ៍អះអាងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារអត្តឃាតនេះ ខណៈដែលកម្ទេចកម្ទី និងការខូចខាតបានរាលដាលដល់អគារស្នាក់នៅរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្បែរនោះថែមទៀតផង។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស សារីហ្វ (Shehbaz Sharif) បានចេញមុខថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើបំផ្ទុះគ្រាប់បែកដ៏ឃោរឃៅនេះ និងបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់។ 

គួរបញ្ជាក់ថា ខេត្តបាឡូជីស្ថាន ដែលសំបូរទៅដោយធនធានរ៉ែ និងស្ថិតនៅជាប់ព្រំដែនប្រទេសអ៊ីរ៉ង់ និងអាហ្វហ្គានីស្ថានតែងតែរងការវាយប្រហារជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធ និងកងកម្លាំងសន្តិសុខ ខណៈដែលយោធាប៉ាគីស្ថានក៏កំពុងបង្កើនប្រតិបត្តិការបង្ក្រាបក្រុមសកម្មប្រយុទ្ធទាំងនេះយ៉ាងក្តៅគគុកផងដែរ៕

1112.101 SRY$0.00
Khmer Dispatch

Comments