(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាសង្រ្គាមនៅអ៊ុយក្រែនកំពុងឆ្ពោះទៅរកទីបញ្ចប់បន្តិចៗម្ដង ខណៈបានរិះគន់ លើការគាំទ្ររបស់លោកខាងលិចចំពោះទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីរូបលោកបានប្រាប់ទាហានរុស្ស៉ីនាឱកាសប្រារព្ធទិវាជ័យជម្នះ៩ ឧសភា ក្នុងទីក្រុងមូស្គូថាពួកគេកំពុងប្រយុទ្ធជាមួយកងកម្លាំងឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែនដែលទទួលបានការគាំទ្រពី NATO ហើយចាត់ទុកគោលដៅសង្រ្គាមរបស់លោកជារឿងត្រឹមត្រូវ។ នៅពេលត្រូវបានសាកសួរបន្ទាប់ពីពិធីព្យុហយាត្រាថាតើជំនួយយោធា ដែលបានផ្ដល់ឱ្យអ៊ុយក្រែនបានហួសបន្ទាប់ក្រហមឬក៏យ៉ាងណា? លោក ពូទីនបានឆ្លើយថា «ពួកគេ (លោកខាងលិច) បាន និងកំពុងបង្កើនការប្រឈមមុខជាមួយរុស្ស៉ីដែលបន្តរហូតមកទល់នឹង សព្វថ្ងៃ»។ «ខ្ញុំគិតថាជម្លោះអ៊ុយក្រែនកំពុងឆ្ពោះទៅរកទីបញ្ចប់បន្តិចម្ដងៗ ប៉ុន្តែវានៅតែមានបញ្ហាធ្ងន់ធ្ងរមួយ»។ នេះជាការគូសបញ្ជាក់របស់លោក ពូទីន ដោយបន្ថែមថាលោកខាងលិចបានរង់ចាំ អស់ជាច្រើនខែមកហើយ ដើម្បីមើលរុស្ស៉ីចាញ់សង្រ្គាម និងដួលរលំ តែវាមិនបានសម្រេចឡើយ។
គួរបញ្ជាក់ថា បើតាមលោក ពូទីន រូបលោកត្រៀមលក្ខណៈជាស្រេចដើម្បីជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងប្រទេសទី៣ណាមួយ ប្រសិនបើលក្ខខណ្ឌទាំងឡាយ របស់រុស្ស៉ីសម្រាប់កិច្ចព្រមព្រៀងសន្តិភាពត្រូវបានដោះស្រាយ៕





Comments