អ៉ីស្រាអែល និងលីបង់ យល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញ

(Reuters)៖ លីបង់ និងអ៉ីស្រាអែល កាលពីថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថាពួកគេបានព្រមព្រៀងគ្នាលើការអនុវត្តបទឈប់បាញ់មួយ បន្ទាប់ពីកិច្ចចរចា ក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងគោលដៅបិទបញ្ចប់ជម្លោះមួយដែលមានជាប់ពាក់ព័ន្ធគ្នានឹងសង្រ្គាមអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមសេចក្ដីថ្លែងការណ៍រួមមួយ បទឈប់បាញ់ខាងលើអាចអនុវត្តទៅបាន អាស្រ័យលើការបញ្ឈប់ទាំងស្រុងនៃការបាញ់ផ្លោងពីក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ និងការដកថយរបស់សមាជិកក្រុមហេសបូឡាទាំងអស់ចេញពីត្រើយខាងត្បូងនៃទន្លេ Litani។ ភាគីទាំងសងខាងក៏បានឯកភាពគ្នាផងដែរលើគោលការណ៍ណែនាំរបស់សហរដ្ឋអាមេរិកដើម្បីជំរុញភ្លាមៗការបង្កើតតំបន់មួយដែលនឹងត្រូវស្ថិតក្រោមការគ្រប់គ្រងពីកងកម្លាំងប្រដាប់អាវុធលីបង់ ដោយមិនមានវត្តមានរបស់ក្រុមហេសបូឡាស នោះទេ។ 

គួរបញ្ជាក់ថា អ៉ីស្រាអែល និងលីបង់ ក៏ធ្លាប់បានព្រមព្រៀងគ្នារួចហើយដែរលើបទឈប់បាញ់កាលពីខែមេសាកន្លងទៅ និងត្រូវបានពន្យារកាលពីខែឧសភា។ ប៉ុន្តែការបាញ់ផ្លោងដាក់គ្នាទៅវិញទៅមករវាងអ៉ីស្រាអែល និងហេសបូឡាបានកើតឡើងជាបន្តបន្ទាប់។ កាលពីថ្ងៃពុធម្សិលមិញ ការវាយប្រហារដោយដ្រូនពីអ៉ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ៦នាក់ នៅភាគខាងត្បូងលីបង់ និងត្រូវចំរថយន្ដមួយគ្រឿងនៅភាគខាងត្បូងទីក្រុងបេរូត។ 

ហេសបូឡាបាននិយាយរួចហើយថាពួកគេនឹងយល់ព្រមទទួលយកបទឈប់បាញ់ទាំងស្រុងមួយ តែភ្លាមៗមិនទាន់មានការបញ្ជាក់ថាតើចលនាប្រដាប់អាវុធមួយនេះនឹងទទួលយកលក្ខខណ្ឌដែលត្រូវបានព្រមព្រៀងគ្នាដោយអ៉ីស្រាអែល និងរដ្ឋាភិបាលលីបង់នៅឡើយទេ៕

Khmer Dispatch

Comments