Serey is utilizing Blockchain technology

សុបិន - REVERIE (Book Review)


តើអ្នកទាំងអស់គ្នាគិតថាវាជារឿងដ៏អស្ចារ្យដែរទេប្រសិនបើជាមនុស្សម្នាក់អាចរស់នៅដោយប្រើប្រាស់ជីវិតពីរបាន ដែលមួយគឺនៅក្នុងពិភពពិត និងមួយទៀតនៅក្នុងពិភពនិមិត្ត គឺពិភពសុបិន?


សុបិន​ REVERIE ជាប្រលោមលោក មនោសញ្ចេតនា ស្នេហា និងអភិនីហារ បោះពុម្ភដោយគ្រឹះស្ថានស្រឡាញ់សៀវភៅ និពន្ធដោយលោក ម៉ុង ម៉ានិត និងកញ្ញា ធូ ដាណុច។ មេរ៉ាជានារីម្នាក់ដែលមានលក្ខណៈពិសេសគឺនាងអាចមានជីវិតពីរគឺនៅពិភពពិត និងពិភពសុបិន ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺនាងជាមនុស្សម្នាក់ដែលអាចបញ្ជាសុបិនរបស់នាងបាន។ តាមរយៈសមត្ថភាពដ៏វិសេសវិសាលនេះ វាជាគន្លឹះមួយដែលនាងអាចនាំនាងទៅរកការពិតនៃការស្លាប់របស់ឳពុកម្តាយរបស់នាង។ រហូតថ្ងៃមួយមេរ៉ាក៏បានជួបនឹងមនុស្សម្នាក់ដែលអាចធ្វើការបញ្ជាសុបិនដូចនាងដែរហើយ គេជាមនុស្សម្នាក់ដែលនាងទុកចិត្តនិងអាចចែករំលែករឿងរ៉ាវរបស់នាងទាំងក្នុងជីវិតពិត និងក្នុងសុបិន។


មនោសញ្ចេតនាដ៏មិនអាចកាត់ថ្លៃបានរបស់តួអង្គមេរ៉ា និងវិឆាបានឈានទៅរកចំណុចមួយដែលចាំបាច់ឱ្យមានការលះបង់។ ការដោះដូរនឹងជីវិតលើកនេះ គឺជាការដោះដូរដោយជីវិត។ ស្នេហានៃការលះបង់របស់វិឆាដែលហ៊ានប្តូរសូម្បីតែជីវិតដើម្បីឱ្យមនុស្សជាទីស្រឡាញ់របស់ខ្លួនភ្ញាក់ពីការជាប់ក្នុងសុបិនដ៏អាក្រក់។ ការរង់ចាំអស់រយៈពេលបីឆ្នាំរបស់វិឆាជិតនឹងបានកើតឡើងទៅហើយ តែគួរឱ្យស្តាយ គេបែរជាគ្មានឱកាសសូម្បីតែបានឃើញកែវភ្នែកមួយគូនេះបើកឡើងវិញដោយផ្ទាល់។ ចុងក្រោយមានតែពាក្យផ្តាំផ្ញើទៅកាន់មនុស្សក្នុងសុបិនថា "សុំទោសដែលខ្ញុំមិនទាន់បាននិយាយថា ស្រឡាញ់នាង តែខ្ញុំជឿថានាងប្រាកដជាដឹងហើយ" រួចចាកចេញទាំងអាល័យ។


តែជាក់ស្តែងការពិតមិនដូចការគិត។ សាច់រឿងមួយនេះមិនមែនគ្រាន់តែជាប្រលោមលោកស្នេហាមួយមុខទេ តែវាបានបង្កប់នូវតម្លៃអប់រំដល់អ្នកអាន ឱ្យមានភាពតស៊ូ ព្យាយាមដោះស្រាយបញ្ហាដែលកើតមានក្នុងជីវិតពិតដោយមិនរាថយ ជាក់ស្តែងដូចតួអង្គមេរ៉ានេះឯង។ ការគេចវេសពីបញ្ហាមិនមែនជាដំណោះស្រាយដ៏ល្អនោះទេ ព្រោះបញ្ហាទាំងអស់នោះនឹងនៅតែរង់ចាំអ្នកដោះស្រាយ និងបន្ថែមបញ្ហាថ្មីបន្តទៀត។



539.150 SRY$0.00
Cambodia Book Club

Comments