នៅពីក្រោយភាពស្រស់ស្អាតនៃជីវិតដែលយើងសម្លឹងឃើញ វាសុទ្ធតែជាស្នាមរបួស។ តំណក់ឈាម តំណក់ញើស និងតំណក់ទឹកភ្នែកដែលស្រក់ចុះមក វាប្ដូរនឹងភាពជោគជ័យខ្លះ និងសេចក្ដីសុខបន្ដិចបន្ដួច។
នៅពីក្រោយស្នាមញញឹម វាសុទ្ធតែមានបង្កប់នូវរឿងទុក្ខលំបាកស្មុគស្មាញ និងឧបសគ្គច្រើនជំពូកគួរឱ្យខ្លាច។ មិនមែនឱ្យតែយើងព្រមឆ្លងកាត់ការលំបាកនៅថ្ងៃនេះ វាសុទ្ធតែអាចឱ្យយើងទទួលបានលទ្ធផលល្អនៅថ្ងៃបន្ទាប់នោះទេ ប៉ុន្តែការព្រមតស៊ូជាមួយការលំបាកនៅថ្ងៃនេះបាន វាមានន័យថាយើងបានត្រៀមខ្លួនរួចរាល់ សម្រាប់រឿងលំបាកដែលនឹងមកដល់នៅថ្ងៃបន្តបន្ទាប់ទៀត។ ការតស៊ូជាមួយភាពលំបាកគឺវាឈឺចាប់ ប៉ុន្តែបើយើងបោះបង់ការតស៊ូ គឺយើងមានតែព្រមទទួលយកសេចក្ដីស្លាប់។
—————

