មុនពេលកើតយើងមិនអាចជ្រើសរើសឪពុកម្តាយ បងប្អូន រូបរាង ស្ថានភាពគ្រួសារ ប្រទេស និងជាតិសាសន៍បានឡើយ ព្រោះវាជាច្បាប់ធម្មជាតិជាអ្នកកំណត់ឱ្យយើងរួចហើយ តែពេលដែលយើងធំដឹងក្តី អ្វីគ្រប់យ៉ាងស្ថិតក្នុងការទទួលខុសត្រូវរបស់យើងជាអ្នកកំណត់។
មិនថាយើងកើតមកក្នុងគ្រួសារក្រីក្រ មានរូបរាងខុសពីធម្មតា ឬស្ថិតក្នុងស្ថានភាពប្រទេសបែបណាទេ យើងត្រូវទទួលស្គាល់ការពិត បន្ទាប់មកចូរកំណត់ទិសដៅជីវិតដែលយើងចង់ទៅឱ្យបានច្បាស់ ហើយធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសម្រេចគោលដៅរបស់យើង។
កុំតូចចិត្តនឹងព្រេងវាសនា កុំសង្ឃឹមលើអ្នកដទៃខ្លាំងពេក លើលោកនេះគ្មានអ្នកណាជួយយើងបានរហូតទេ ត្រូវទទួលយកការពិត នឹងខិតខំរៀនសូត្រ ខិតខំធ្វើការងារ ស្វែករកជំនាញដើម្បីចិញ្ចឹមជីវិត អប់រំចិត្តឱ្យមានគុណធម៌ យកខ្លួនឯងជាទីពឹង។
ចូរចាំថា ៖
បើគេបោះបង់យើងមិនមែនជាបញ្ហាទេ តែបើយើងបោះបង់ខ្លួនឯងទើបជាបញ្ហា។
បើគេមិនស្រឡាញ់យើងមិនមែនជាបញ្ហាទេ តែបើយើងមិនស្រឡាញ់ខ្លួនឯងទើបជាបញ្ហា។
បើគេមិនឱ្យតម្លៃយើងមិនមែនជាបញ្ហាទេ តែបើយើងមិនឱ្យតម្លៃខ្លួនឯងទើបជាបញ្ហា។
ចង់ឱ្យអ្នកដទៃជួយយើង ត្រូវជួយខ្លួនឯងឱ្យអស់លទ្ធភាពសិន។ មានតែយើងខ្លាំងទេ ទើបគេឱ្យតម្លៃយើង។

