ថ្ងៃនេះ មានអ្នកខ្លះបានយករឿងអ្នកដទៃមកនិយាយប្រាប់យើង ហើយថ្ងៃក្រោយទៅ គេអាចយករឿងយើងទៅនិយាយប្រាប់អ្នកណាផ្សេងទៀត។ មនុស្សដែលចង់បានការទុកចិត្តពីយើងមានច្រើន ប៉ុន្តែមនុស្សដែលធ្វើឱ្យយើងទុកចិត្តមានដោយកម្រ។ មនុស្សញញឹមដាក់យើងមានច្រើន ហើយមនុស្សដែលលួចពេបមាត់នៅក្រោយខ្នងយើងក៏មានមិនតិចឡើយ។
យើងតែងតែអាចរកឃើញមនុស្សដែលប្រាថ្នាចង់ឱ្យអ្នកដទៃស្មោះត្រង់ជាមួយខ្លួន ប៉ុន្តែយើងកម្រនឹងជួបមនុស្សដែលតែងមានសេចក្ដីស្មោះត្រង់ចេញពីក្នុងខ្លួន ស្មោះត្រង់ចំពោះខ្លួន និងស្មោះត្រង់ចំពោះអ្នកដទៃ។ មិនខ្វះឡើយមនុស្សដែលនិយាយថា “ខ្ញុំស្រឡាញ់អ្នកណាស់!” ប៉ុន្តែយើងកម្របានប្រទះមនុស្សដែលតែងតែបង្ហាញយើងពីទង្វើនៃសេចក្ដីស្រឡាញ់ ហើយមានតែពេលវេលាទេដែលអាចបង្ហាញយើងថា តើយើងមានមនុស្សដែលពិតជាស្រឡាញ់យើងប៉ុន្មាននាក់? អ្នកខ្លះតែងពោលសរសើរយើងនៅចំពោះមុខមនុស្សជាច្រើន ប៉ុន្តែមានមនុស្សមិនច្រើនទេដែលតែងតែចាំការពារយើងនៅក្រោយខ្នង។
---------------------------------------------
អត្ថបទដកស្រង់ចេញពីសៀវភៅ #កាដូជីវិត

