ការតាំងចិត្តអធិដ្ឋានរបស់ព្រះសារីបុត្តក្នុងការឈប់ប្រើគ្រឿងញៀនស្រវឹង !
នៅជាតិមួយលោកកើតជារាជអាមាត្យ សម័យថ្ងៃមួយស្តេចសុប្បវាសីជាស្តេចកាច បានធ្វើពិធីជប់លាង រាជកុមារដែលនៅតូចត្រូវស្តេចបិតាបីដាក់លើភ្លៅប្រលែងលេង នៅពេលដែលសាច់ក្លែមបានអស់ទៅស្តេចបិតាស្រវឹងជោគ បើកភ្នែកធំៗសួរចុងភៅថា សាច់ក្លែមអស់ហើយឬ ? ចុងភៅក្រាបបង្គំគាល់ថា អស់ហើយព្រះអង្គ ពពែមិនទាន់បានបញ្ជូនមកទេ ។ ស្រាប់តែស្តេចស្រវឹងជោគ បើកភ្នែកក្រឡោតៗ ហើយមួលករាជបុត្របោះទៅឲ្យចុងភៅ ធ្វើជាការីមកថ្វាយឲ្យឆាប់ ! ។ លុះស្អែកឡើងស្វាងស្រវឹង ស្តេចបានសួរមហេសីរករាជបុត្រ មហេសីទូលថា
ព្រះអង្គបានប្រហារបុត្តធ្វើក្រយាស្ងោយពីយប់មិញបាត់ទៅហើយ ! ព្រះរាជាស្រែកយំយ៉ាងខ្លាំងពីរនាក់មហេសី រាជអាមាត្យ(ព្រះសារីបុត្ត)បានឃើញទោសនៃការស្រវឹងយ៉ាងនេះ លោកបានអធិដ្ឋានចិត្តថា អំពីថ្ងៃនេះតទៅ គ្រប់ៗជាតិ អាត្មាអញសូមឲ្យដាច់គ្រឿងញៀនស្រវឹងសូមកុំបីបានជួប កុំបីបានភ្លក់ប៉ះអណ្តាតឲ្យសោះ ! ។ ព្រះសារីបុត្តបានរំលឹកសជាតិ ថា អាត្មាសុទ្ធតែបានអធិដ្ឋានចិត្តតាំងទុកដោយល្អ ជាច្រើនជាតិ សូមកុំឲ្យមានចិត្តស្រឡាញ់ កុំឲ្យមើលឃើញស្អាត កុំឲ្យជាប់ជំពាក់អារម្មណ៍ទៅនឹងអ្វីក្នុងលោកនេះឲ្យសោះ សូមឲ្យរលត់ចិត្តលោភ ចិត្តក្រោធ ចិត្តវង្វេងពីខន្ធសន្តានឲ្យអស់ទៅនៅថ្ងៃណាមួយកុំបីខានឡើយ ! ។ ព្រះអរិយៈទាំងឡាយ លោកសុទ្ធតែមានការអធិដ្ឋានចិត្ត ដើម្បីលះបង់ចិត្តអាក្រក់ តើអ្នកបានអធិដ្ឋានចិត្តលះបង់អ្វីខ្លះហើយ ?

