សទ្ធាគឺជាច្បាប់កំពូលនៅក្នុងលោក

C

សទ្ធាគឺជាច្បាប់កំពូលនៅក្នុងលោក ព្រះពុទ្ធត្រាស់ថា សទ្ធាគឺជាក្បាលធម៌នៅក្នុងលោកមិនដូច្នោះឬសារីបុត្ត ? ព្រះសារីបុត្តលោកមានបញ្ញាច្រើនពោលតបថា ខ្ញុំព្រះអង្គមិនទាន់ជឿ មិនទាន់ថាសាធុទេព្រះអង្គ​ ចាំពិចារណាមើលសិន ។ ពេញមួយរាត្រី ព្រះសារីបុត្តបានពិចារណាសារចុះសារឡើង(អនុលោមបដិលោម)គ្រប់ភពគ្រប់ឋានយ៉ាងអស់ជើង ទើបឃើញថា អ្វីៗគឺមកពីសទ្ធាពិតមែន ! ។ លុះវេលាព្រឹកនៅសាលាធម្មសភា ទើបលោកលើកដៃផ្គុំចំពោះព្រះភ័ក្ត្រព្រះបរមគ្រូហើយពោលថា សាធុ ៗ សទ្ធាពិតជាក្បាលធម៌ពិតមែនហើយព្រះអង្គ ! (ជឿខុសគឺខុស ជឿត្រូវគឺត្រូវ)។ ធ្វើអ្វីក៏ដោយឲ្យតែមានការជឿជាក់ហើយ គេប្រាកដជាធ្វើបានសម្រេចជាមិនខាន ភាពស្ទាក់ស្ទើរ ការរួញរាចិត្ត ការមន្ទិលសង្ស័យ ការជឿជាក់ខុស គឺជាឧបសគ្គធំណាស់ដែលធ្វើឲ្យមនុស្សបរាជ័យ ។ ការជឿជាក់ថា ជំងឺខ្លួននឹងជា ទោះជាជំងឺធ្ងន់យ៉ាងណាក៏បានធូរស្រាលដែរ ផ្ទុយទៅវិញបើគេអស់សង្ឃឹមហើយទោះប្រើឪសថទិព្វមកពីឋានសួគ៌ណាក៏មិនជាដែរ ។ ហេតុអីពេលឈឺធ្ងន់ព្រះអនុញ្ញាត្តិឲ្យសូត្រធម៌ឲ្យស្តាប់ ស្រាប់តែជាសះស្បើយបាន? គឺព្រោះតែការជឿជាក់នេះឯង(ចិត្តពោរពេញដោយសទ្ធា) តែបើមិនជឿទេក៏មិនធូរដែរ ។ ឲ្យតែមានការជឿជាក់ហើយ គេព្យាយាមធ្វើមិនខ្លាចក្តៅត្រជាក់ឡើយ កិច្ចការគ្រប់យ៉ាងនឹងបានសម្រេច ។ សារុបមកគេមិនត្រូវធ្វើអ្វីដោយខ្វះភាពជឿជាក់ក្នុងចិត្តនោះទេ ។

Comments