ដើម្បីតាមរកវត្ថុអ្វីមួយ គេតែងតែដឹងថារបស់នោះនៅទីកន្លែងណា ដោយធ្វើការកំណត់ច្បាស់លាស់ដើម្បីតាមរករបស់ទាំងអស់នោះ។ ចុះសុភមង្គលនៅទីណាឱ្យប្រាកដ ទើបបានជាមនុស្សពិបាកក្នុងការកំណត់ និងពិបាកតាមរកដូច្នេះ?
មានមនុស្សជាច្រើន បានដាក់គោលដៅដោយធ្វើការកំណត់ថា សុភមង្គល និងសេចក្តីសុខពិតប្រាកដគឺនៅលើទ្រព្យ ឱ្យតែមានទ្រព្យគឺសុភមង្គលនិងសេចក្តីសុខកើតមានហើយ។ ប៉ុន្តែវាហាក់បែរជាខកចិត្ត នៅពេលដែលពួកគេមានទ្រព្យ បែរជាមិនអាចទទួលបានសុភមង្គលនិងសេចក្តីសុខទៅវិញ។
ចំណែកឯម្ខាងទៀតបានកំណត់ថាឱ្យតែមានឋានៈ យសសក្តិ តួនាទីល្អ នោះសេចក្តីសុខ សុភមង្គលដឹងតែកើតមានហើយ។ រឿងនេះក៏មិនខុសគ្នាប៉ុន្មានដែរ នៅពេលដែលពួកគេទទួលបានវាហើយ បែរជាគ្មានក្តីសុខសុភមង្គលពិតប្រាកដទៅវិញ។
តើសុភមង្គលនៅទីណា?
ការពិតទៅរបស់ល្អវាកើតចេញពីខ្លួនយើងនេះឯង កុំបាច់ខំតាមរកឯណាឆ្ងាយ។ សេចក្តីសុខក្តី សន្តិភាពក្តី សុភមង្គលក្តីវាកើតចេញចិត្តមនុស្សនេះឯង។ កាលណាមនុស្សមានចិត្តពេញដោយការគោរព ផ្តល់តម្លៃ ស្មោះត្រង់ ចេះសន្តោស ប្រោសប្រណី យោគយល់អធ្យាស្រ័យ ចេះយកបញ្ញាមកដោះស្រាយបញ្ហា នោះសេចក្តីសុខ សុភមង្គលនឹងកើតមាន។
មានទ្រព្យក្តី តួនាទីក្តី បុណ្យសក្តិក្តី វាគ្រាន់តែជាគ្រឿងលម្អនិងជំនួយជីវិតខាងក្រៅប៉ុណ្ណោះ ប៉ុន្តែក្តីសុខដែលកើតចេញពីចិត្តពិតប្រាកដ នោះហើយជាក្តីសុខ និងសុភមង្គលពិតដែលមនុស្សគួរតែបង្កើតឡើង និងចង់បានពិតប្រាកដ។

