ការអប់រំចិត្តគឺដូចជាមនុស្សធ្លាក់ភក់អញ្ចឹង

C

ការអប់រំចិត្តគឺដូចជាមនុស្សធ្លាក់ភក់អញ្ចឹង បើមិនព្យាយាមចាកចេញពីភក់ទេនឹងលង់ក្នុងភក់កាន់តែជ្រៅ បើចាកចេញពីភក់បានហើយ ព្យាយាមដុសលាងសំអាតបន្តិចម្តងជាបន្តទៀតនោះ ភាពស្អាតបាតនឹងលេចឡើងកាន់តែច្បាស់ ហើយបើគេមិនធ្លាក់ចូលភក់ជាថ្មីទៀតទេ នោះការរង្គោះរង្គើរដោយភាពក្រខ្វក់មិនអាចកើតមានបានឡើយ(នេះជាអនុសាសន៍ដែលព្រះពុទ្ធបានប្រទានចំពោះពិភពលោក) ។ ការសិក្សាប្រភេទនេះគឺជារឿងដែលមានប្រយោជន៍ជាទីបំផុត តាមប្រវត្តិសាស្ត្រនៃការគ្រប់គ្រងសង្គម និង ការគ្រប់គ្រងខ្លួនឯង សង្គមណាដែលមានការកសាងខ្លួន សង្គមនោះមានតែការរីកចំរើន មានក្តីសុខច្រើនជាងទុក្ខ ព្រោះម្នាក់ៗមានតែការជួយលើកតំកើងគ្នា ដោយក្តីមេត្តាករុណា មិនកាច់កុង មិនក្តិចត្រួយគ្នា រួមគ្នាកែលំអស្ថាប័នផ្សេងៗឈរលើមូលដ្ឋានសាមគ្គីធម៌ សាងប្រវត្តិសាស្ត្រដ៏រឹងមាំមិនដួលរលំ ការពារបញ្ហាផ្សេងៗបានល្អប្រសើរ ស្ថាបនាក្តីសុខឆ្លងកាត់ទុក្ខសោកវេទនាដែលមានរសជាតិផ្អែមល្ហែមមិនអាចបំភ្លេចបាន ! ។ មនុស្សដែលមានស្មារតីដាស់តឿនខ្លួនឯងក្នុងការផ្លាស់ប្តូរពីបាបកម្មទៅកុសលកម្ម គេកាន់តែល្អឡើងៗ ព្រះពុទ្ធបានប្រទានងារថា « ព្រះអរិយៈ » ដែលមានបួនពួកតាមលំដាប់នេះឯង ។

Comments