ត្រីវិស័យចង្អុលទិសក្នុងការបដិបត្តិធម៌់ៈ

C

១- ចាំបាច់ត្រូវមានសីល ៥ សីល ៨ សីល១០ជាមុនសិន ។
២- ចាប់ផ្តើមធ្វើសមាធិរហូតចិត្តស្ងប់ជាខណៈៗប្រមាណ១៥នាទី ហៅថា ខណិកសមាធិ ទៅចិត្តស្ងប់តាំងនៅប្រមាណជាកន្លះទៅមួយម៉ោង ដល់ត្រង់នេះអ្នកបដិបត្តិចែកជាពីរក្រុមៈ
ក- មួយក្រុមចាប់ផ្តើមចម្រើនវិបស្សនាអមជាមួយសមាធិរហូតអស់កិលេស ហៅថា បញ្ញាវិមុត្តិ ។
ខ- មួយក្រុមទៀត បន្តចម្រើនសមាធិរហូតបានអប្បនាសមាធិ ហើយបានជ្ឈាន នឹងបានសមាបត្តិ៨(រូបជ្ឈាន៤ អរូបជ្ឈាន៤) រួចបន្តទៅយកអភិញ្ញា ទើបចម្រើនវិបស្សនាអស់កិលេស ហៅថា ចេត្តោវិមុត្តិ ។
យោគាវចរដែលមានឈានជាបាត ទើបចម្រើនវិបស្សនាហៅថា សមថយានិក យោគាវចរដែលធ្វើវិបស្សនាមុនទើបទៅចម្រើនសមាធិតាមក្រោយ ហៅថា វិបស្សនាយានិក ។ កម្មដ្ឋាន៤០ វិបស្សនាមានអារម្មណ៍៧៣ គឺសំដៅទៅលះការប្រកាន់ទាំងអស់ ព្រោះឧបាទានក្ខ័ន្ធ៥គឺជាមេទុក្ខតែម៉្យាងគត់ មានន័យថា ទុក្ខទាំងអស់កើតចេញពីការប្រកាន់តែម៉្យាង ។ ហេតុនេះ បើយោគាវចរណាមួយធ្វើកម្មដ្ឋានហើយជាប់នឹងអញឃើញនេះឃើញនោះ អញចេះ អញចង់បាននេះចង់បាននោះ ជាប់នឹងអញត្រូវវាខុស យោគាវចរនោះអាចមានគ្រោះថ្នាក់ដោយការក្រឡកចិត្តឬហៅថា បែកកម្មដ្ឋាន ព្រោះចេះតែកំណត់ធ្វើនេះ ធ្វើនោះតាមចិត្តចង់ដែលឋាមពលចិត្តលាតសន្ធឹងរកកោះរកត្រើយមិនឃើញ រកទីបញ្ចប់គ្មាន ទីបំផុតដល់នូវភាពពិការស្មារតីដោយមិនដឹងខ្លួន ព្រោះខ្លួនជាប់ក្នុងការឃើញហើយប្រកាន់ថាជាការពិតតែម្នាក់ឯង ជាប់នឹងឃើញ ជាប់នឹងចេះ ជាប់នឹងអញត្រូវ វាខុស គ្មានថ្ងៃរើខ្លួនរួចឡើយ ។

Comments