ការងារធ្វើបានសម្រេចមិនបានសម្រេចអាស្រ័យលើការគិត !

C

 នៅមន្ទីរពេទ្យរដ្ឋមួយ មានកុមារអានាថាម្នាក់ក្តៅខ្លួនខ្លាំង ពេទ្យបានជួយសង្គ្រោះ ពេទ្យកម្លោះម្នាក់បានកាន់ថ្នាំមកបញ្ចុកក្មេង ត្រូវក្មេងច្រានចេញកំពប់អស់ បន្ទាប់មកមានពេទ្យក្រមុំម្នាក់ទៀតយកថ្នាំមកបញ្ចុកម្តងទៀត ត្រូវក្មេងស្រែកយំហើយរុញចេញកំពប់អស់ទៀត ពេទ្យទាំងពីរឈរមើលក្មេងទាំងមុខក្រញ៉ូវព្រោះអស់លទ្ធភាព ។ជាចុងក្រោយ មានពេទ្យស្រីចំណាស់ម្នាក់បានកាន់ថ្នាំមកម្តងទៀត ជាតំបូងគាត់យកដៃស្ទាបអង្អែលថ្ងាសក្មេង ហើយពោលលួងលោម និងសរសើរ ជាបណ្តើរៗគាត់ចាប់លើកក្មេងមកផ្អែកក្បាលលើដើមទ្រូងគាត់ ហើយបញ្ចុកថ្នាំ ក្មេងព្រមញ៉ាំថ្នាំហើយយំថ្ងូរបន្តិចៗ។ពេលប្រជុំ ប្រធានពេទ្យបានសាកសួរពីគំនិតពេទ្យម្នាក់ម្តង កម្លោះទីមួយបានឆ្លើយថា ខ្ញុំចង់ជួយវា តែបើវាមិនព្រមឲ្យយើងជួយ មានតែបណ្តោយតាមវាទៅ ! ។ នាងពេទ្យក្រមុំបានឆ្លើយថា ក្មេងនោះមានក្លិនស្អុយខ្លាំងណាស់ ពិបាកទ្រាំពេកទើបខ្ញុំមិនបន្តជួយតទៅទៀត។ឯមីងពេទ្យ បាននិយាយថា ក្មេងអាចធ្លាប់ត្រូវគេធ្វើបាបមកពីមុន ហេតុនេះវាសំគាល់ថា គ្មានមនុស្សណាល្អចំពោះវាទេ វាមិនត្រូវការជំនួយអ្វីទាំងអស់ ទើបខ្ញុំបង្ហាញសេចក្តីស្រឡាញ់ទៅវាជាមុននេះមួយ ទីពីរគឺខ្ញុំត្រូវតែជួយវាឲ្យបាន ព្រោះសង្គមមនុស្សបើមិនចេះជួយគ្នាទេមានអីខុសពីសង្គមសត្វទៅ ? បើលួងលោមវាមិនបាន ខ្ញុំនឹងចាប់វាបញ្ច្រកថ្នាំ ជួយវាឲ្យទាល់តែបាន នេះជាការប្តេជ្ញាចិត្តរបស់ខ្ញុំ ! ។សាកគិតមើលចុះ ព្រះពុទ្ធបានត្រាស់ថា មនោបុព្វំគមាធម្មា មនោសេដ្ឋា មនោមយា ..... ធម៌ទាំងឡាយមានចិត្តជាធំ ការងារធ្វើបានសម្រេចមិនបានសម្រេចក៏ព្រោះចិត្ត សូមគិតឲ្យកើតការតស៌ូព្យាយាម គិតផ្តួលគំនិតខ្ជិលច្រអូស គិតក្រាញននាលមិនខ្លាចឧបសគ្គតូចធំអ្វីទាំងអស់ ! ផលបានមកយ៉ាងណា ក៏ពេញចិត្ត ព្រោះយើងបានព្យាយាមធ្វើវាដោយល្អហើយ ! ។

Comments