តើការដល់ត្រៃសរណៈគមមានសារៈសំខាន់អ្វីខ្លះ ? ហើយដល់បានដូចម្តេច ? តើរវាងសីលនិងត្រៃសរណគមមួយណាសំខាន់ជាង ? ។
សូមមើលពុទ្ធកិច្ចក្នុង៤៥ព្រះវស្សារបស់ព្រះបរមគ្រូនៃយើងចុះ បើបុគ្គលណាដែលមានបុណ្យចាស់ក្លាហើយស្តាប់ធម៌យល់ត្រឹមតែកន្លះគាថា ព្រះអង្គនិមន្តទៅប្រោសភ្លាម(ឧគ្ឃដិតញ្ញូបុគ្គល) បើត្រូវពន្យល់ថែមជាកិច្ចរបស់សាវ័កខ្លះ ព្រះអង្គជួយខ្លះ(វិបចិតញ្ញូបុគ្គល) បើត្រឹមតែស្តាប់ធម៌យល់ហើយផ្លាស់ប្តូរការយល់ខុសមកទទួលគោរពដើរតាមពុទ្ធសាសនាបាន ព្រះអង្គក៏និមន្តទៅជួយដែរ(ជាវេនេយ្យសត្វ) គេផ្លាស់ប្តូរពីមិច្ឆាទិដ្ឋិមកជាសម្មាទិដ្ឋិ ផ្លាស់ប្តូរពីជំនឿខុសឆ្គង(គោរពជឿខ្មោចព្រាយបិសាច ព្រៃភ្នំ ទន្លេបឹងបួរ ជឿសត្វតិរិច្ឆាន ជឿអាទិទេព)ដូរមកជឿលើអំពើខ្លួនឯង ជឿកម្មផល ជឿមគ្គមានអង្គ៨ ឈ្មោះថាបានបិទលោកន្តរមហានរកដែលជានរកជ្រៅបំផុតសម្រាប់ទោសមិច្ឆាទិដ្ឋិនេះឯង រួចហើយបើទោះជាធ្លាក់នរកក៏រាក់ៗវិលចុះវិលឡើងបានរួចចាកទុក្ខជាមិនខាន ។ កាលណាគេស្តាប់យល់ហើយ គេព្រមគោរពដើរតាម ពេលនោះសម្មាសីល សម្មាសមាធិនិងវិបស្សនាកើតឡើងតាមក្រោយទេ សំខាន់គឺស្តាប់យល់ហើយជឿនឹងដើរតាម ។ ក្រោយពីស្តាប់យល់គេស្រែកថា ច្បាស់ក្រៃពេកណាស់ព្រះអង្គ ដូចជាផ្ងាររបស់ដែលផ្កាប់ ... រួចហើយគេលុតជង្គង់ចុះពោលថា ពុទ្ធំសរណំគិច្ឆាមិ ធម្មំសរណំគិច្ឆាមិ សង្ឃំសរណំគិច្ឆាមិ សូមយកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរលឹក នេះហៅថាការដល់ត្រៃសរណគម គឺដល់ដោយបញ្ញាយ៉ាងនេះឯង ។ រវាងសីលនិងត្រៃសរណគមគឺត្រៃសរណគមសំខាន់ជាង ព្រោះសាសនាជេនក៏មានសីល៥ សីល៨ សីល១០ដែរ តែទិសដៅជាមិច្ឆាទិដ្ឋិទេ គឺ អត្តកិល្លៈមថានុយោគ សីលនេះមិនអាចរួចចាកទុក្ខបានពិតប្រាកដឡើយ នៅជាប់ដោយទិដ្ឋិនិងតណ្ហា ។

