ចរិត៦យ៉ាងរបស់សត្វលោក គឺជាធម្មជាតិដែលមានស្រាប់ពីកំណើត តាំងពីដើមកប្បមកម៉្លេះ ! ចរិតនេះនាំសត្វឲ្យជាប់ក្នុងវដ្តៈផង នាំលោកនេះឲ្យចម្រើនឡើងផង និងវិនាសទៅវិញផង ។ សត្វលោកណាដែលមិនព្យាយាមចាកចេញឬបោះបង់ចោលចរិតទាំង៦យ៉ាងនេះទេ រមែងជាប់នៅក្នុងលោកនៃសេចក្តីវិនាសនេះជាធម្មតា ។ ចរិត៦យ៉ាងតើអ្វីខ្លះ ? រាគៈចរិត - ទោសចរិត - មោហៈចរិត - សទ្ធាចរិត - ពុទ្ធិចរិត - វិតក្កៈចរិត តែបើពោលដោយសង្ខេបមានតែបីទេគឺ លោភៈ ទោសៈ មោហៈ ព្រោះរាគៈជាគូនឹងសទ្ធា(អ្នកមានសទ្ធាខ្លាំងតែងប្រាថ្នាធ្វើទានធំខ្លាំង) ទោសៈជាគូនឹងពុទ្ធិ(អ្នកចេះច្រើន ច្រើនតែកាចមានះ) មោហៈជាគូនឹងវិតក្កៈ(អ្នកគិតច្រើន គ្មានអីក្រៅពីគំនិតរាយមាយទេ)។ ចរិត៦ដើម្បីផ្លាស់ប្តូរវាចេញ គ្មានបច្ចេកទេសណាអាចលោតរួចក្រៅពីបច្ចេកទេស សីល សមាធិ វិបស្សនានេះទេ បើមិនជឿទេសាកមើលចុះ ! ចរិត៦ត្រូវបានបំបែកចេញដោយកម្មដ្ឋាន៤០មិនលើសមិនខ្វះ ។ ចរិត៦គឺជាបុព្វហេតុនៃសេចក្តីវិនាស !

