ខ្ចីក្តីស្រឡាញ់ពីភ្នែកប្រើសិនទៅទំរាំបញ្ញាចេះស្រឡាញ់ចេញពីក្នុងមក ស្រក់ទឹកភ្នែកខ្លះក៏បានដើម្បីជួយឲ្យចិត្តឆាប់ស្ងប់មិនមែនស្រក់ព្រោះតែមិនបានដូចចិត្តនោះទេ ។ ពេលចាប់ផ្តើមអង្គុយសមាធិ ភាពតានតឹងក្នុងចិត្តបានលេចឡើង អ្នកបែរជាយកចិត្តទុកដាក់ជាមួយវាទៅវិញ អ្នកអស់កម្លាំង អ្នកងោកងុយ អ្នកមានបញ្ហាត្រូវគិតច្រើន គំនិតទាំងនេះបានលេចឡើងជាហូរហែរ អ្នកព្រលែងកម្មដ្ឋានចោលហើយទៅជាអង្គុយគិតរាយមាយទៅវិញ ។ អ្នកគួរតែគិតថា ជីវិតនេះមានទុក្ខខ្លាំងណាស់ លោកនេះទុក្ខណាស់ ! ពេលនេះអ្នកត្រូវការសម្រាកដោយសតិសម្បជ្ជញ្ញៈ បើអ្នកមិនជួយខ្លួនឯងទេ អ្នកនឹងមានទុក្ខកាន់តែខ្លាំង រួចហើយតាំងចិត្តព្រលែងបញ្ហាទាំងនោះចោលទៅ ! ព្រោះគំនិតទាំងនោះវាបានបង្កើតភាពបំពុលដល់ចិត្តអ្នកតែប៉ុណ្ណោះ សមាធិជាឪសថជួយបន្សាបជាតិពុលក្នុងចិត្តអ្នក ។ ចិត្តក៏តាំងនៅក្នុងកម្មដ្ឋានយ៉ាងស៊ប់សួនជាមិនខាន !

