ការប្រឡងជ្រើសរើសសមត្ថភាព
មានក្រុមហ៉ុនមួយជ្រើសរើសបុគ្គលិកមានអ្នកដាក់ពាក្យឲ្យប្រញាយ! ពេលចូលសម្ភាសលោកប្រធានបានតំរូវឲ្យចេញទៅលក់ក្រាស់សិតសក់ធ្វើពីឈើឲ្យលោកសង្ឃ(កុំភ្លេចចុះហត្ថលេខានិងលេខទូរស័ព្ទពីលោកមកផង)។អ្នកចេញពីសម្ភាសអស់ដៃអស់ជើងនាំគ្នារត់អស់ មានតែបីនាក់ប៉ុណ្ណោះដែលហ៉ានទទួលការងារនេះ។ពីរថ្ងៃបានកន្លងផុតទៅ អ្នកទាំងបីបានត្រឡប់មកវិញ លោកប្រធានសួរអ្នកទីមួយ លក់បានប៉ុន្មាន? បាទ!ខ្ញុំលក់បានបីដែរលោក។តើឯងលក់បានដោយរបៀបណា? បាទ!ខ្ញុំខំដើរតាមវត្តពេញៗមួយថ្ងៃសឹងដាច់ជើងអស់ហើយលោក ស្រាប់តែឃើញលោកមួយអង្គយកដៃអេះក្បាល(ព្រះកេស)ធ្វើមុខស្ញូញ ខ្ញុំបានបញ្ចុះបញ្ចូលលោកឲ្យទិញក្រាស់នេះទុកអេះវិញស្រួលជាង លោកអេះសាកមើលទៅស្រួលពិតមែនលោកក៏បានទិញក្រាស់អស់បីទៅ។លោកប្រធានញញឹមបន្តិចក៏បែរទៅសួរអ្នកទីពីរ ឯងលក់បានរបៀបណាដែរ? ខ្ញុំបានទៅដល់វត្តមួយនៅលើភ្នំមានខ្យល់ធ្លាក់ខ្លាំង ហើយបានបញ្ចុះបញ្ចូលលោកថា លោកតាគួរតែទិញក្រាស់ទុកឲ្យពុទ្ធបរិស័ទគេសិតសក់ហើយចូលថ្វាយបង្គំព្រះមិនដឹងជាបានបុណ្យប៉ុណ្ណាទេនេះ!លោកបានទិញពីខ្ញុំ១០ទៅ។លោកប្រធានញញឹមបន្តិចក៏សួរទៅអ្នកទីបី ចុះឯងលក់បានរបៀបណា? បាទលោក!ខ្ញុំបានទៅជួបលោកមួយអង្គដែលល្បីល្បាញខាងមន្តអាគមអូមអាមមានមនុស្សចេញចូលច្រើន លោកជិះសុទ្ធតែឡានលិចស៉ុសនិងហៃឡិនដឺ បានបញ្ចុះបញ្ចូលលោកថា លោកតាគួរតែទិញក្រាស់នេះហើយឆ្លាក់អក្សរជូនពរឲ្យគេបានសុខ រួចជូនជាកាដូដល់គេមិនដឹងជាគេសប្បាយចិត្តយ៉ាងណាទេ! លោកក៏បានទិញក្រាស់ពីខ្ញុំអស់បីរយទៅ។លោកប្រធានញញឹមយ៉ាងពេញចិត្ត ហើយពោលថា ជីវិតរស់នៅមួយថ្ងៃលំបាកជាងមួយថ្ងៃ យើងត្រូវការបុគ្គលិកដូចជាពួកឯងឲ្យមកជួយធ្វើការយើងណាស់។លុយកាក់ជារបស់ក្រៅខ្លួន ឲ្យតែមានគំនិតដីក៏អាចក្លាយជាមាសបានដែរ!!!៕

