អចិន្តៃយ្យៈ គឺជាទ្រឹស្តីមួយដែលមិនអាចពន្យល់តាមទ្រឹស្តីរូបធាតុបានជាដាច់ខាត គ្មានសង្ឃឹមថាមានថ្ងៃអាចរកឃើញឡើយ ក្រៅតែពីការពិសោធតាមផ្លូវចិត្តឲ្យកើតញាណទិព្វ ចក្ខុទិព្វ សោតៈទិព្វ ទើបអាចយល់ដោយខ្លួនឯងបានច្បាស់ ។ អ្វីដែលវិទ្យាសាស្ត្រនៅមិនទាន់ដឹងបានច្បាស់នៅឡើយ គឺឋាមពលចិត្ត ប៉ុន្តែអាថ៌កំបាំងដ៏ជ្រាលជ្រៅនៅក្នុងចក្រវាឡត្រូវបានលាក់ទុកនៅក្នុងគម្ពីរពុទ្ធសាសនាទាំងអស់រួចទៅហើយ ! អ្នកណាខំស្រាវជ្រាវ អ្នកនោះនឹងរកឃើញការពិតជាមិនខាន ។ ព្រះពុទ្ធត្រាស់ថា « លោកនេះសូន្យទទេរ សូន្យចាកសត្វបុគ្គល សូន្យចាកតួខ្លួន ចាកវត្ថុជារបស់ខ្លួន » តាមពិតរាងកាយមនុស្សដែលធ្វើពីអាតូម វាត្រូវពន្លឺនិងគ្រាប់អេឡិចត្រុងឆ្លងកាត់បានយ៉ាងងាយ ជារបស់ប្រហោងទទេរស្អាត ឥតខ្លឹមសារទេ ប៉ុន្តែសភាវៈអាក្រក់ដែលមានក្នុងចិត្ត មិនងាយនឹងមើលឃើញការពិតបែបនេះបានឡើយ ទើបសត្វលោកត្រូវរងទុក្ខវេទនាមិនមានទីបំផុត ។

