និទានកំសាន្តចិត្ត ៖

C
chansela

និទានកំសាន្តចិត្ត ៖
ជួបរឿងអាក្រក់ គិតឲ្យកើតសុខ
ចំណងសត្វលោក អស់ពីចំណងខ្លួនឯងមកជាប់ចំណងនឹងកូនចៅប្តីប្រពន្ធ ថ្ងៃនេះប្រពន្ធមាណពចាញ់គភ៌ចំលែក គឺចង់បរិភោគអាហារប្រណីតៗនៅក្នុងវាំង នាងអង្គុយបង្ហូរទឹកភ្នែកទារស្វាមី ប្តីនឹករកមធ្យោបាយទើបនឹកឃើញ កោរសក់រួច ទៅលួចស្បង់លោកមកគ្រង ហើយទៅបិណ្ឌបាតនៅក្នុងវាំង។ព្រះរាជាចម្លែកមុខបានឲ្យអាមាត្យតាមឃ្លាំមើលសង្ឃមួយអង្គនោះ លុះបានអាហារហើយ មាណពបានដើរយ៉ាងលឿនតំរង់ព្រៃ រួចបកស្បង់ចោលមកស្លៀកពាក់ធម្មតាវិញ។អាមាត្យបានឃើញហេតុការណ៍ហើយនឹកថា មនុស្សនេះបែបមានកិច្ចអ្វីចាំបាច់ហើយបានជាហ៌ានធ្វើបែបនេះ បើមិនមានកិច្ចធំដុំទេម៉្លេះមិនហ៌ានប្រថុយជីវិតបែបនេះឡើយ ណ្ហើយចុះត្រឹមតែអាហារទេ ! ដើម្បីកុំឲ្យខុសនឹងសីលមុសាដែលអាត្មាអញបានរក្សា អញនឹងទូលព្រះរាជាតាមសមគួរ ។ ដល់វាំងវិញគាត់ទូលស្តេចថា ខ្ញុំព្រះអង្គបានតាមដានលោកជាប់ជានិច្ច ស្រាប់តែតាមៗទៅ ស្បង់លឿងនោះបានបាត់ពីក្រសែភ្នែកទូលបង្គំទៅតែម្តង ! ព្រះរាជាបានឮហើយនឹកស្មានតែបុរសនោះជាព្រះអរហន្តក៏កើតបីតិព្រឺរោមព្រឺស្បែក អនុមោទនាបុណ្យម៉ាទំហឹង ! ។ បើអាមាត្យជាមនុស្សឥតសីល ឥតក្តីមេត្តា ម៉្លេះសមជីវិតមាណពក្សីណក្ស័យលាចាកលោកចោលកូនប្រពន្ធបាត់ទៅហើយ ! ហេតុនេះយើងកុំចេះតែមើលស្ថានភាពមនុស្សក្នុងផ្លូវអាក្រក់ខ្លាំងពេក ការណាអន់អោនបានគួរតែអត់អោន មិនគួរខុសដៃកាត់ដៃ ខុសជើងកាត់ជើងពេកនោះទេ មើលចុះសូម្បីតែសត្វឥន្ទ្រីយ៍ដែលធ្លាប់តែកាចឃោរឃៅក៏គង់តែមានក្តីមេត្តាខ្លះដែរ ! វាចេះជួយសង្គ្រោះបក្សីដែលហើរឆ្លងកាត់សមុទ្ទមិនរួច មិនដូចជាមនុស្សដូចគ្នាដែលឃើញជិតស្លាប់ហើយមិនជួយ ! ! ! ។ 

Comments