១.អត្ដចរិតសំខាន់ជាងរូបរាងខាងក្រៅ៖ ប្រហែលជាអ្នកធ្លាប់បានឮមកហើយថា«កុំវាយតម្លៃសៀវភៅ ដោយគ្រាន់តែឃើញក្របរបស់វា ឬ កុំវាយតម្លៃមនុស្សតាមរយៈរូបរាងខាងក្រៅ ឬក៏ កុំវាយតម្លៃមនុស្សតាមរយៈពណ៌សម្បុររបស់ពួកគេ ប៉ុន្តែត្រូវមើលលើអត្តចរិត»។ ជាការពិត ពាក្យសម្តីទាំងនេះគឺចង់ជំរុញឱ្យមនុស្សទាំងអស់រៀនក្រឡេកមើល និងឱ្យតម្លៃទៅលើគុណភាពខាងក្នុងពោលគឺចរិតលក្ខណៈ ជាជាងផ្អែកលើរូបរាងខាងក្រៅ។
២.គ្រប់ពាក្យរិះគន់មិនមែនសុទ្ធតែអាក្រក់៖ មនុស្សភាគច្រើនឆាប់មានប្រតិកម្មនៅពេលដែលនរណាម្នាក់រិះគន់ខ្លួន។ ពួកគេឆាប់បញ្ចេញអាការៈប្រតិកម្មដោយគ្មានការគិតថ្លឹងថ្លែងថាតើ ពាក្យរិះគន់នោះក្នុងន័យស្ថាបនា ឬជាន់ពន្លិច។ ជាញឹកញាប់ វាតែងតែងកើតឡើងចំពោះមនុស្សដែលមានចិត្តគំនិតចង្អៀតចង្អល់ ដែលមើលឃើញពាក្យរិះគន់ទាំងអស់សុទ្ធតែអាក្រក់។ ផ្ទុយទៅវិញសម្រាប់មនុស្សដែលមានចិត្តទូលាយ ពួកគេហ៊ានទទួលយកពាក្យរិះគន់ ព្រោះថាវាគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីការប្រព្រឹត្តរបស់ពួកគេ។ ប្រសិនបើពាក្យរិះគន់នោះមានប្រយោជន៍ ពួកគេនឹងទទួលយក ដើម្បីកែប្រែ និងអភិវឌ្ឍខ្លួនឱ្យកាន់តែរីកចម្រើន។
៣.សកម្មភាពមានតម្លៃជាងការនិយាយ៖ ការនិយាយមិនបានអនុវត្តគឺមានតម្លៃទាបជាងសកម្មភាព។ ចង់ឱ្យការនិយាយមានតម្លៃលុះត្រាតែមានសកម្មភាពមកគាំទ្រ។ ការនិយាយគ្មានសកម្មភាពប្រៀបដូចជាមាសក្លែងក្លាយ ដែលវាគ្មានតម្លៃពិតនោះទេ។ តម្លៃរបស់មាសស្ថិតនៅលើមាសពិត ចំណែកឯតម្លៃការងារស្ថិតលើសកម្មភាព និងលទ្ធផលពិត។

