ជំរៅចិត្ត

C

អ្នកធ្វើអំពើអាក្រក់តើសភាពចិត្តរបស់គេប្រព្រឹត្តិទៅដូចម្តេច ? ព្រះពុទ្ធបានពន្យល់ថា ពេលគិតនឹងធ្វើអំពើអាក្រក់ចិត្តត្រូវអន្ទះសារជ្រួលច្របល់ញាប់ញ័រខ្លាំងណាស់ ពេលកំពុងព្យាយាមធ្វើក៏ដូចគ្នា លុះធ្វើបានសម្រេចហើយក៏រីករាយបានមួយខណះខ្លី រួចហើយចិត្តរបស់គេពោរពេញដោយការភ័យខ្លាច នឹងមានអារម្មណ៍ស្តាយក្រោយថាខ្លួនបានធ្វើអំពើបាប(អារម្មណ៍វិប្បដិសារីយ៍) ណាភ័យខ្លាចថាខ្លួននឹងត្រូវមានទោស ណាក្តៅក្រហាយស្តាយក្រោយ ។ អារម្មណ៍អាក្រក់បានបង្កប់នៅក្នុងជំរៅចិត្ត ហើយស្រូបទាញយកការលំបាកស្មុគស្មាញទាំងឡាយឲ្យចូលមករកខ្លួនវិញ ហើយចាត់ចែងឲ្យដូចអំពើដែលខ្លួនបានធ្វើទៅលើអ្នកដទៃ ឬ ការរំជួលចិត្តនោះបានបញ្ជ្រាបទៅលើកូនចៅនាំឲ្យអំពើនោះធ្លាក់ទៅលើកូនចៅវិញផងក៏មាន ។ វេលាជិតស្លាប់ អារម្មណ៍អាក្រក់នោះបានលេចឡើងនាំឲ្យចិត្តញាប់ញ័រ ហ្វ្រេកង់វិញ្ញាណផ្សាយចេញញឹកខ្លាំងឆក់តោងទីទាបៗ មានស៊ុតកន្លាត ជីងចក់ ឬក្នុងស្បូនឆ្កែឆ្មា គោ ក្របីជាដើម ផ្ទុយទៅវិញបើគេចេះទទួលកំហុសហើយកែប្រែ ពេលនោះការគិតរបស់គេបានផ្លាស់ប្តូរ ហ្វ្រេកង់បានប្តូរវិមាត្រមិនញាប់ញ័រខ្លាំងពេក អាចមកកើតជាមនុស្សឬទេវតាបាន ប៉ុន្តែអារម្មណ៍អាក្រក់ដែលមានមិនបានបាត់បង់នោះទេ វាជាប់តាមទៅជាមួយដែរ រង់ចាំតែឪកាសឲ្យផលនៅពេលគេគិតអាក្រក់ធ្វើអាក្រក់នៅពេលខាងមុខទៀត ។

Comments