សត្វដែលគួរឲ្យភ្ញាក់ផ្អើលបំផុតគឺសត្វមនុស្សនេះឯង ម្ង៉ៃៗគ្មានពេលទំនេរឡើយ អស់ពីដើរគិត ក៏ដេកគិត អង្គុយគិត គិតទាល់តែឈឺលែងចេះឈប់គិត ក៏រត់ទៅរកថ្នាំយកមកគ្រប់គ្រងអារម្មណ៍ដើម្បីឲ្យឈប់គិត ទីបំផុតត្រូវថ្នាំធ្វើទុក្ខខូចថ្លើមខូចតំរងនោម ក៏ប្រឹងតែពីប្រើថ្នាំជាបន្តទៀត ប្រើរហូតទាល់តែស្លាប់បាត់ទៅ ! ។ ម៉្ងៃៗគិតតែពីរឿងកាយកប់ត្រឡប់ជាន់ កាលមុននាំគ្នាកាយ កាយពង្រីកបឹងធំៗដើម្បីផ្ទុកទឹក ឥឡូវនាំគ្នាកប់ធ្វើជាផ្ទះថ្មរពោងរពាយដែលថ្ងៃក្រោយអាចស្រុតបាក់សង្កត់ស្លាប់អស់ផងក៏មាន ! កាយកប់ៗ ! ឥតស្រាកស្រាន។សត្វមនុស្សនាំគ្នាលះបង់សេចក្តីសុខដើម្បីប្រាក់ បន្ទាប់មកត្រូវបាត់បង់ប្រាក់ដើម្បីសុខភាព នៅស្ងៀមសុខៗក៏នាំគ្នាព្រួយបារម្ភពីអនាគត គេភ្លេចគិតគូរពីបច្ចុប្បន្នដែលត្រូវបញ្ចប់ដោយការរស់នៅដែលគ្មានអតីតនិងអនាគត ដោយហោចទៅសូម្បីតែបច្ចុប្បន្នក៏សឹងតែគ្មានផង។គេមិនដែលរៀនរស់ដើម្បីស្លាប់ ទាំងមិនដែលរៀនស្លាប់ដើម្បីការរស់នៅទាល់តែសោះ ! ។អោហ៍សត្វលោកនៃបញ្ហា !
សូមកុំឲ្យលុយគ្របសង្កត់ចិត្តយើងខ្លាំងពេក ការស្វែងរកវាគឺលំបាកខ្លាំងណាស់ទៅហើយ នៅឲ្យឥទ្ធិពលរបស់វាគ្របសង្កត់មកលើចិត្តយើងថែមទៀត នោះយើងនឹងអាចក្លាយជាមនុស្សឆ្កួត លែងស្គាល់សាច់ញាតិបងប្អូន អាចស្លាប់ដោយសារវាក្នុងថ្ងៃណាមួយជាមិនខាន ! ។ សូមកុំឲ្យតំលៃលើរបស់ក្រៅខ្លួនថ្លៃជាងជីវិតខ្លួនឯង លើលោកនេះគ្មានអ្វីមានតំលៃជាងសាច់ញាតិទៀតទេ ហេតុនេះសូមទុកដាក់តំលៃសាច់ញាតិឲ្យបានល្អផងដែរ ! ។

