ពុទ្ធសាសនា ជាសាសនាវិទ្យាសាស្ត្រ បានបណ្តុះបណ្តាលមនុស្សឲ្យកើតបញ្ញា ឲ្យចេះពង្រីកគំនិត ពង្រីកអំណាចចិត្តក្នុងការរស់នៅ ឲ្យអ្នកដើរតាមរស់នៅមានក្តីសុខ មិនឲ្យក្លាយជាទាសករនៃគំនិត ឲ្យផ្លូវចិត្តរីករាយមានសុភមង្គល មានមេត្តាករុណា មានសុខសន្តិភាពនិងប្រជាធិបតេយ្យ គឺមាននៅក្នុងការអប់រំពុទ្ធសាសនានេះទាំងអស់ ។ បើគេសួរថា តើពុទ្ធសាសនាយល់ច្បាស់ពីច្បាប់អាតូមនិងអេឡិចត្រុងទេ ? ចម្លើយគឺទេ ! តើពុទ្ធសាសនាយល់ច្បាស់ពីអេឡិចត្រុងនិងការផ្លាស់ប្តូរពេលវេលាទេ ? ចម្លើយគឺទេ ! តើពុទ្ធសាសនាយល់ច្បាស់ពីច្បាប់រលកសញ្ញាទេ ? ចម្លើយគឺទេទៀតហើយ ! ប៉ុន្តែពុទ្ធសាសនាពិតជាបានផ្តល់ចម្លើយទាំងអស់នេះ នៅក្នុងក្របខ័ណ្ឌជីវិតមនុស្សទាំងអស់រួចបាត់អស់ទៅហើយ វិទ្យាសាស្ត្រគ្រាន់តែបានលំអិតឲ្យមនុស្សងាយយល់ពីពុទ្ធដីកាតែប៉ុណ្ណោះ ! មនុស្សភាគច្រើននាំគ្នាស្និទ្ធស្នាលជាមួយប្រពៃណីដែលជាធម៌អម ធម៌សំបក មិនមែនជាខ្លឹមធម៌ក្នុងពុទ្ធសាសនានេះឡើយ ! ពេលអ្នកបានចូលដល់ខ្លឹមធម៌ហើយ ទើបអ្នកបានឃើញអនន្តគុណពិតរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូ ជាសាស្តាចារ្យនៃមនុស្សនិងទេវតា ។

