សិល្បៈអប់រំមនុស្សរបស់ព្រះពុទ្ធ !
បញ្ហាដែលត្រូវប្រឈមគឺជាផ្នែកមួយនៃជីវិតនិងការការផ្លាស់ប្តូរវាគឺជារឿងតែមួយ ដើម្បីឲ្យមានការផ្លាស់ប្តូរព្រះពុទ្ធបានផ្តល់អនុសាសន៍៥យ៉ាងគឺៈ
១- ត្រូវមានចំណេះដឹងនិងត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់(ព្រះអង្គប្រទានចំពោះសេដ្ឋីកុលបុត្រ)(Knowledge and Insight)ចំណេះដឹង(មេរៀនផ្លូវចិត្តឬអភិធម្ម)គឺជាឧបករណ៍ដ៏សំខាន់ដើម្បីជួយឲ្យអ្នកបានស្គាល់ចំណុចខ្សោយរបស់ខ្លួនឯងដើម្បីផ្លាស់ប្តូរវាចេញ ។
២- ការអត់ធន់និងការជួសជុល(Resistance and Replacement)អត់ធន់នឹងការលំបាក អត់ធន់នឹងចំណង់តណ្ហាដែលជាហេតុនាំឲ្យមានកំហុស(នៅពីក្រោយផ្ទះស្រីស្អាតសុទ្ធតែផ្នូរមហាបុរស)អត់ធន់នឹងភាពលោភលន់(ចិត្តលោភនាំឲ្យគេងាយបោកបាន ចង់ចំណេញពេកដាច់ចំណង) អត់ធន់នឹងកំហឹងក្រោធ(ហេតុនៃក្តីវិនាស)រួចហើយព្យាយាមផ្លាស់ប្តូរទំលាប់អាក្រក់ចេញដាក់កំហិតវិន័យខ្លួនឯងឲ្យបានតឹងរឹង(បហានវិន័យ)។
៣- ផ្លាស់ប្តូរការគិត(Change thinking)ពីគំនិតអវិជ្ជមានទៅវិជ្ជមានតាមរយៈសមាធិ វិបស្សនា ឬ តាមរយៈព្រះសូត្រនិងព្រះអភិធម្ម ប្តូរវិធីគិតនិងរបៀបរបបរស់នៅ(ពីមិច្ឆាអាជីវៈ មិច្ឆាវាចា មិច្ឆាកម្មន្ត ទៅជាសម្មាអាជីវ សម្មាវាចា សម្មាកម្មន្ត) ត្រូវទទួលស្គាល់ថា គំនិតអញ្ចឹង ទង្វើអញ្ចឹង ទើបមានការរស់នៅបែបហ្នឹង ការប្តូរទំលាប់ថ្មីនាំឲ្យមានជ័យជំនះខាងផ្លូវវិញ្ញាណ អារម្មណ៍ ផ្លូវចិត្ត សុខភាពរាងកាយ និងភាពសុខដុមក្នុងក្រុមគ្រួសារ ។
៤- ការព្យាយាមតស៊ូនិងការអត់ធន់ក្នុងការរស់នៅ(Patience and Persistence)ដោយការយល់ឲ្យបានច្បាស់ពីហេតុផលរបស់ជីវិត «គឺតែអញ្ចឹង» កើតហើយរស់ រស់ហើយរក រកធំហត់ខ្លាំង រកតូចហត់តិច ជួបលោកធម៌៨ដឹងសុខទុក្ខហើយនាំគ្នាស្លាប់អស់ទៅ កាលណាគេឃើញភាពធម្មតារបស់ជីវិតហើយ គេក៏រីករាយពេលបានជួបអ្វីៗទាំងអស់ មិនមានអ្វីឲ្យគេជាប់គាំងបានឡើយ គេនៅតែឆ្ពោះទៅមុខជានិច្ច ទីបំផុតគេបានក្លាយទៅជាមនុស្សរឹងមាំដោយមិនដឹងខ្លួន ។
៥- ការជៀសវាង(Avoidance) ត្រូវចេះជៀសវាងពីអំពើអាក្រក់ ពីមនុស្សមិនល្អ មនុស្សខិលខូច ស្ថានភាពមិនល្អ ទីកន្លែងមិនសមរម្យ(គោចរៈ និង អគោចរៈ សប្បាយៈនិងអសប្បាយៈ)។ អោហ៍ ! ព្រះដ៏ជាទីពឹងនៃលោក ការអប់រំរបស់ព្រះអង្គល្អអ្វីម៉្លេះទេ ! កូនសូមក្រាបទូលព្រះបាទារបស់ព្រះដ៏មានព្រះភាគដោយគោរពលុះអវសានជាតិ ! ។

