សម័យដែលក្រុងរាជគ្រឹះរីកចំរើនសំបូរសប្បាយខ្លាំង មេលទ្ធិសាសនាជាច្រើនបានទៅផ្សាយលទ្ធិរបស់ខ្លួន ម្នាក់ៗបានពន្យល់ពីការយល់ឃើញរបស់ខ្លួនចំពោះទស្សនៈជីវិត ទស្សនៈសាងលោក និងទស្សនៈក្រោយពីស្លាប់ រួចហើយគេមិនដែលបំភ្លេចពីការចោទថា ការយល់ឃើញនិងការប្រតិបត្តិរបស់អ្នកដទៃគឺខុសទេ មានតែខ្លួនប៉ុណ្ណោះដែលត្រឹមត្រូវជាងគេ ។ កាលណោះអធិករណ៍បានចំរើនឡើងក្រៃលែង ទាំងឃាតកម្មក៏សំបូរព្រោះតែទើសនឹងគំនិតវាយប្រហារគ្នានេះឯង ។ ព្រះពុទ្ធអង្គក៏គង់នៅជាយក្រុងនោះដែរ ប៉ុន្តែព្រះអង្គបានពន្យល់តែពីរបៀបរស់នៅឲ្យមានក្តីសុខមិនដែលពោលពាក្យចាប់ទោសកំហុសអ្នកដទៃឡើយ ! ថ្ងៃមួយគហបតីម្នាក់បានចូលក្រាបបង្គំគាល់ព្រះពុទ្ធហើយទូលសួរថា ៖ បរពិត្រព្រះគោតមដ៏ចំរើន ! មេលទ្ធិសាសនាទាំងអស់ សុទ្ធតែប្រកាសថា ខ្លួនត្រូវគេខុស ហើយអូសទាញមនុស្សឲ្យដើរតាមខ្លួន តើព្រះអង្គមានពិធីសាស្ត្រដូចម្តេច ដើម្បីវិនិច្ឆ័យពីរឿងនេះទៅព្រះអង្គ ? ។ ព្រះពុទ្ធត្រាស់តបថាៈ ម្នាលគហបតី ! ចូរអ្នកកុំជឿព្រោះតែរឿងដែលខ្លួនមិនធ្លាប់បានឮ កុំជឿព្រោះតែគេជាមនុស្សល្បី កុំជឿព្រោះតែគេជាគ្រូអ្នក អ្វីក៏ដោយបន្ទាប់ពីអ្នកបានគិតវិភាគពិចារណាដោយប្រុងប្រយ័ត្ន ឃើញថាគំនិតនោះនាំមកនូវភាពសប្បុរស នាំឲ្យកើតផលប្រយោជន៍និងសេចក្តីសុខដល់មនុស្សសត្វទាំងអស់ គំនិតនោះចូរអ្នកជឿហើយប្រកាន់ខ្ជាប់ នឹងយកវាធ្វើជាទ្រឹស្តីដឹកនាំជីវិតអ្នកចុះ ! ។ ចម្លើយប្រកបដោយគតិបណ្ឌិត ទាំងព្រះអង្គមិនបានប្រកាសថាខ្លួនត្រូវជាងគេ ជាហេតុនាំមកនូវការជ្រះថ្លាក្រៃលែងដល់ពពួកជន គេយល់ច្បាស់ដូចជាផ្ងាររបស់ដែលផ្កាប់ បានដល់នូវព្រះរតនៈត្រៃជាទីពឹងរៀងៗខ្លួន ។

