« ទេសចរដែលទៅលេងតាមបណ្តោយទន្លេសេសាន្ត ភាគច្រើនគឺពួកគាត់ចូលចិត្តជិះទូកមើលសត្វស្លាប និងមើលថ្ងៃលិច ព្រមទាំងទស្សនាជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច ដែលរស់នៅតាមបណ្តោយទន្លេ»។
លោកបានបន្ថែមថា ទេសចរអាចស្នាក់នៅជាមួយអ្នកភូមិដើម្បីយល់ពីវប្បធម៌រស់នៅ និងដើរកម្សាន្តក្នុងព្រៃ ដោយចំណាយរយៈពេលត្រឹមតែ២យប់ ៣ថ្ងៃប៉ុណ្ណោះ។ ទេសចរ ទៅកម្សាន្តនៅទីនោះភាគច្រើនជាទេសចរអន្តរជាតិ ព្រោះពួកគេចូលចិត្តទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ធម្មជាតិ ជាងភ្ញៀវទេសចរជាតិ។
នៅក្នុងឆ្នាំ២០១៩ តំបន់អេកូទេសចរណ៍ទន្លេសេសាន្តទទួលបានភ្ញៀវទេសចរបានប្រហែល ៣ពាន់នាក់ប៉ុណ្ណោះ ដែលភ្ញៀវទេសចរសរុបក្នុងខេត្តរតនគិរីមានចំនួនជាង ២៣ម៉ឺននាក់។ តំបន់អេកូទេសចរណ៍ទន្លេសេសាន មានទីតាំងស្ថិតក្នុង ស្រុកអូរយ៉ាដាវ និងមានចម្ងាយប្រហែល៥០ គីឡូម៉ែតពីទីរួមខេត្តរតនគិរី៕

