#អ្វីដែលបានបង្រៀនយើង

C
ជីវិត​បាន​បង្រៀន​យើង​ថា​ ​យើង​មិន​អាច​គ្រប់គ្រង​ភាព​ស្មោះត្រង់​របស់​នរណា​ម្នាក់​បាន​ឡើយ​ ​មិនថា​យើង​ស្មោះត្រង់​ចំពោះ​គេ​ខ្លាំង​ប៉ុនណា​ក៏ដោយ​ ​ក៏​វា​មិន​មានន័យថា​គេ​នឹង​ធ្វើល្អ​ ​ហើយ​ស្មោះត្រង់​ចំពោះ​យើង​វិញ​ដូចដែល​យើង​តែងតែ​ធ្លាប់​បាន​ធ្វើ​ចំពោះ​គេ​នោះ​ទេ​។​ ​មិនថា​យើង​បាន​ផ្ដល់​តម្លៃ​ដល់​នរណា​ម្នាក់​ច្រើនលើស​លុប​ប៉ុនណា​ក៏ដោយ​ ​ក៏​វា​មិន​មានន័យថា​គេ​នឹង​ផ្ដល់​តម្លៃ​ចំពោះ​យើង​ ​ដូច​អ្វី​ដែល​យើង​ធ្លាប់​បាន​ធ្វើកន្លង​មក​នោះ​ទេ​។​ ​
​ចួនកាល​មនុស្ស​ដែល​យើង​ស្រឡាញ់​ ​និង​ទុកចិត្ត​បំផុត​ ​គឺជា​មនុស្ស​ដែល​បំផ្លាញ​ការ​ទុកចិត្ត​របស់​យើង​ច្រើន​បំផុត​ដែរ​។​ ​ការដែល​យើង​មានឱកាស​បាន​ស្គាល់​រាប់អាន​ជាមួយ​នរណា​ម្នាក់​ ​វា​គឺ​ដូចជា​ការសាកល្បង​ភ្លក្ស​នូវ​រសជាតិ​នៃ​ទំនាក់ទំនង​នោះ​អ៊ីចឹង​។​ ​ដូច្នេះ​គ្រាន់តែ​រាប់អាន​គ្នា​ធម្មតា​គឺ​បាន​ហើយ​ ​មិន​ចាំបាច់​ស្រឡាញ់​ខ្លាំងពេក​ ​ស្មោះត្រង់​ពេក​ឱ្យ​តម្លៃ​ពេក​ ​គោរព​ពេក​ ​ឬក៏​ថា​រំពឹង​ពី​គេ​ខ្លាំងពេក​ក៏​មិន​ចាំបាច់​ដែរ​។​ ​ទំនាក់ទំនង​កាន់តែ​ជ្រៅ​ ​ដំបៅ​កាន់តែ​ឈឺ​ ​ពីព្រោះ​ទំនុកចិត្ត​ដែល​យើង​បង់​ចូល​ទៅ​ក្នុង​ទំនាក់ទំនង​មួយ​ ​បើ​វារ​លាយ​អស់​ទៅ​ ​វា​ក៏​នឹង​ធ្វើ​ឱ្យ​យើង​ឈឺចាប់​ខ្លាំង​។​ ​មនុស្សយើង​អាច​និយាយ​បាន​ថា​ ​នៅក្នុង​ទំនាក់ទំនង​មួយ​ ​វា​នឹង​រីកចម្រើន​ទៅមុខ​ ​ឬក៏​ត្រូវ​ធ្លាក់ចុះ​ ​គឺ​នៅ​លើ​ទំនុកចិត្ត​នេះឯង​។​ ​យើង​ត្រូវ​មាន​ភាព​ស្មោះត្រង់​ ​ប៉ុន្តែ​មិនមែន​ល្ងង់​។​ ​យើង​ត្រូវ​ជឿជាក់​ប៉ុន្តែ​មិនមែន​ជឿ​ងប់។​ ​មនុស្ស​ដែល​អាច​សម្លាប់​យើង​បាន​ដោយ​ងាយ​ ​គឺ​មនុស្ស​ដែល​យើង​ជឿ​ទុកចិត្ត​ខ្លាំង​ជ្រុល​ហ្នឹងឯង​។​ ​
​វា​មិន​ពិបាក​ទេ​ ​ដែល​ត្រូវ​រក​មនុស្ស​មក​អង្គុយ​ស្ដាប់​យើង​និយាយ​រឿង​ប្រាប់​ ​ប៉ុន្តែ​មនុស្ស​ដែល​កម្រមាន​នៅក្នុង​ជីវិត​យើង​ ​គឺ​មនុស្ស​ដែល​អាច​យល់​បាន​ពី​ភាព​ស្ងៀមស្ងាត់​របស់​យើង​។​ ​ឆ្លងកាត់​ការរស់នៅ​អស់​រយៈពេល១០ឆ្នាំ​ពីរ​ដង​ ​ខ្ញុំ​ក៏បាន​រៀនសូត្រ​ពី​ជីវិត​បាន​ខ្លះ​ៗ​។​ ​នៅក្នុង​ស្ថានភាព​ដែល​យើង​លំបាក​បំផុត​ ​វា​គឺជា​ពេល​មួយ​ដ៏​ល្អ​ដើម្បី​ពិសោធឱ្យ​ឃើញថា​ ​នរណា​ដែល​ពិតជា​ស្រឡាញ់​យើង​បំផុត​ ​ហើយ​នរណា​ដែល​គ្រាន់តែ​ត្រូវការ​យើង​ដើម្បី​គ្រាន់តែ​ទាញ​យក​ផលប្រយោជន៍​។​ ​ពេល​យើង​ជោគជ័យ​ ​មិនខ្វះទេ​មនុស្ស​ដែល​មក​ស្គាល់​យើង​ ​ប៉ុន្តែ​បើ​សួរ​ថា ​តើមានមនុស្ស​ប៉ុន្មាន​នាក់​ដែល​ជួយ​ជ្រោមជ្រែង​យើង​តាំងពី​ដំបូង​រហូត​មក​?​ ​ចម្លើយ​គឺ​មាន​មិន​ច្រើន​ទេ​ ​ព្រោះ​វា​អាច​រាប់​ត្រឹមតែ​ម្រាមដៃ​ក៏​គ្រប់​ដែរ​។​ ​ ​វា​មិន​សំខាន់​ទេ​ថា​យើង​បាន​ស្គាល់​មនុស្ស​ច្រើន​ប៉ុនណា​ ​ប៉ុន្តែ​វា​សំខាន់​ថា​ ​តើមាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​បាន​ស្គាល់​យើង​វិញ​ហើយ​នៅក្នុង​ការ​ស្គាល់​នេះ​ ​យើង​បាន​ជួយគ្នា​ទៅវិញទៅមក​យ៉ាង​អស់ពី​ចិត្ត​ ​មិនមែន​ដើម្បី​តែ​ការ​កេង​ចំណេញ​លើ​គ្នា​។​

Comments