#ស្រឡាញ់តែលើបបូរមាត់

C
មាត់ថាស្រឡាញ់ តែទង្វើហាក់ព្រងើយកន្តើយ ចិត្តខ្វះការអត់ឱនយោគយល់។ ស្រឡាញ់សៀវភៅ តែមិនដែលឆ្លៀតពេលដើម្បីអានសៀវភៅ មិនខ្ចីចាប់កាន់សៀវភៅយកមកអានឱ្យបានមួយថ្ងៃកន្លះម៉ោង ឬមួយម៉ោង។ ស្រឡាញ់ការសិក្សា តែលួចបន្លំលទ្ធផលនៃការសិក្សា ឬយកចំណេះដែលបានពីការសិក្សាមកប្រើប្រាស់ក្នុងផ្លូវខុស។ ស្រឡាញ់ភាពជោគជ័យ ចង់សម្រេចបានលទ្ធផលធំ ប៉ុន្តែមិនប្រឹងធ្វើកិច្ចការងារតូចតាចឱ្យល្អ ខ្ជីខ្ជា ធ្វើឱ្យតែរួចពីដៃ។

ការដែលមាត់ចេះតែនិយាយថាស្រឡាញ់នេះ ស្រឡាញ់នោះ ចង់បាននេះ ចង់បាននោះ ស្រឡាញ់សៀវភៅ តែឆ្លៀតពេលអានមិនបាន។ ការទាំងអស់នេះ គឺប្រៀបដូចស្រឡាញ់មនុស្សម្នាក់ តែយើងគ្មានពេលវេលាផ្ដល់ឱ្យគ្នា។ ស្រឡាញ់តែមាត់ តែគ្មានទង្វើនៃសេចក្ដីស្រឡាញ់មកបញ្ជាក់។ បើស្រឡាញ់ពិតត្រូវបង្ហាញទង្វើពិតៗ កុំនិយាយច្រើនស្របពេលដែលយើងអត់ធ្វើអ្វីសោះដើម្បីបញ្ជាក់ពីទំហំនៃសេចក្ដីស្រឡាញ់របស់យើង។ 

មាត់ប្រាប់ថាស្រឡាញ់គេ ប៉ុន្តែការពិតទៅក្នុងជម្រៅចិត្តក៏រំពឹងចង់បានអ្វីម្យ៉ាងត្រលប់ពីគេមកវិញ ហើយការដែលមិនទទួលបានតាមបំណង ចិត្តឈឺចាប់ក៏លេចឡើងមកជាបន្តបន្ទាប់។ ពេលវេលាដែលយើងគួរតែរស់នៅជាមួយនឹងសេចក្ដីស្រឡាញ់ បែរក្លាយទៅជាពេលវេលាដែលរស់នៅបៀមការឈឺចាប់។ ពេលវេលាដែលគួរតែរស់នៅក្នុងការចែករំលែក វាបែរក្លាយទៅជាពេលវេលានៃការដណ្ដើមគ្នារស់។ ពេលវេលាដែលគួរតែជាពេលនៃការយល់យោគ ក្លាយទៅជាពេលនៃការខឹងស្អប់ លែងមានអធ្យាស្រ័យទៅវិញ។ ពាក្យស្រឡាញ់ មានតែនៅលើបបូរមាត់ តែទង្វើនៃសេចក្ដីស្រឡាញ់ប្រៀបដូចស្រមោលនៅទីងងឹត។ 

Comments