#យំហើយជូតទឹកភ្នែកចេញ!

C
កុំបណ្ដោយឱ្យពិភពលោកនេះផ្សំរសជាតិនៃជីវិតរបស់យើងឱ្យក្លាយទៅជាល្វីងជូរចត់ទាំងដែលយើងមិនត្រូវការ។ កុំបណ្ដោយឱ្យទង្វើរបស់អ្នកដទៃកំណត់សេចក្ដីសុខឬទុក្ខនៅក្នុងចិត្តរបស់យើងឱ្យសោះ។
មនុស្សជាច្រើនដើរចូលក្នុងជីវិតយើង រួចហើយក៏ចាកចេញទៅវិញ។ ការចាកចេញខ្លះបន្សល់ការចងចាំដែលល្អៗ ប៉ុន្ដែការចាកចេញខ្លះទៀតបន្សល់ការឈឺចាប់សម្រាប់យើង។ ជីវិតមានទុក្ខមានសប្បាយជារឿងធម្មតាទៅហើយ។ ពេលណាត្រូវយំក៏យំទៅ ចាំបាច់ខ្មាសធ្វើអី យើងមិនអន់ទេគ្រាន់តែយំ ព្រោះគ្រប់គ្នាកើតមកជាមួយទឹកភ្នែកដែលអាចជួយសម្រាលទុក្ខពេលយើងពិបាកទ្រាំខ្លាំង។ ប៉ុន្ដែបន្ទាប់ពីយំ ត្រូវតែរៀនមេរៀនមួយអំពីវា ហើយត្រូវតែចាំមេរៀននោះផង បើមិនដូច្នេះទេ រឿងដដែលនោះនឹងត្រលប់មករកយើងម្ដងទៀតនៅថ្ងៃដែលយើងភ្លេចខ្លួន។
យំហើយជូតទឹកភ្នែកចេញ ក្រោកឈរឡើង ហើយញញឹម និយាយប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែពូកែជាងមុន រឹងមាំជាងមុន ល្អជាងមុន ហើយថ្ងៃណាមួយអ្នកដែលបោះបង់ខ្ញុំចោលនឹងស្ដាយខ្ញុំ។ មានមនុស្សជាច្រើនដែលធ្លាប់ឆ្លងកាត់អារម្មណ៍ដែលគេបោះបង់ចោល គេនៅតែអាចរស់នៅបានធម្មតា ញញឹមបានធម្មតា ហើយរកបានមនុស្សល្អជាងមុនទៀត។ ពេលខ្លះការបាត់បង់គឺជាការផ្ដល់ឱកាសឱ្យយើងរកបានអ្វីដែលបានបាត់ទៅក៏ថាបានដែរ៕

Comments